(បាត់ដំបង)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានមានព្រះបន្ទូលថា ព្រះអង្គ ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច នឹងខិតខំធ្វើអ្វីៗ ដើម្បីតែសន្តិភាព។ ជាមួយគ្នានេះ ព្រះអង្គក៏បានរិះគន់ អ្នកនយោបាយខ្មែរកន្លងមក ដែលមិនចេះរួបរួមគ្នា បណ្តាលឱ្យកម្ពុជាចេះតែមានបញ្ហាជាបន្តបន្ទាប់។
ការមានបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឡើង បន្ទាប់ពីព្រះអង្គយាងជួបសំណេះសំណាល ជាមួយប្រជានុរាស្រ្ត និងអ្នកគាំទ្របក្សប្រមាណជិត៣ពាន់នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈដែល ការបោះឆ្នោតជិតចូលមកដល់។
សម្តេចក្រុមព្រះ បានមានបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាប អ្វីមួយដែលខ្ញុំកំពុងធ្វើនេះ គឺខ្ញុំសូមផ្តាំផ្ញើ យើងធ្វើយ៉ាងម៉េច ឱ្យបានតែសន្តិភាព នៅក្នុងប្រទេសរបស់យើង យើងធ្វើអ្វីក៏ដោយចង់រួបរួមចង់ស្អីក៏ដោយ ឱ្យតែបាននូវសន្តិភាព»។
ព្រះអង្គមានបន្ទូលបន្តថា «ខ្ញុំបាននិយាយជាមួយអ្នកអាមេរិកាំងថា បើសិនជាខ្មែរយើង ស្អីក៏ដោយឱ្យតែចេះរួបរួមគ្នានោះ ប្រហែលជាមិនមានបញ្ហា ដូចសព្វថ្ងៃនោះទេ»។
ទោះជាយ៉ាងនេះក្តី ព្រះអង្គមិនទាន់បង្ហើបអំពីការដាក់បេក្ខជនដើម្បីឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ខាងមុខនេះនៅឡើយទេ ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ បានទៅទទួលយកឯកសារចុះឈ្មោះ នៅស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួចហើយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ថ្វីត្បិតតែមិនទាន់បង្ហើបអំពីការចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែព្រះអង្គហាក់មានជំនឿថា ការបោះឆ្នោតនៅពេលខាងមុននេះ នឹងមានស្ថានភាពល្អប្រសើរ ហើយព្រះអង្គក៏ជឿជាក់ថា លទ្ធផលចំពោះគណបក្សព្រះអង្គនឹងប្រសើរឡើងផងដែរ៕