(ប៉ៃលិន)៖ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កជាទឹកជំនន់នៅមូលដ្ឋាន ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនដែលទើបឡើងកាន់តំណែង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានរងការខូចខាត។ ការត្រួតពិនិត្យនេះបានធ្វើឡើង នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អំឡុងពេលចុះត្រួតពិនិត្យនោះ លោក ផាន់ ចាន់ធុល បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រធ្វើការជួសជុលជាបន្ទាន់ នូវផ្លូវលំមួយកន្លែង នៅចំណុចភូមិអូរឈើក្រំ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ព្រមទាំងបង្គាប់ឱ្យកាយប្រឡាយរំដោះទឹក កុំឱ្យលិចលង់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋផងដែរ។
ចំណែកផ្លូវសំបុកមាន់ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង នៅមាត់ច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ត្រូវបានលោកស្រី បាន ស្រីមុំ អ៊ីឈាន តំណាងរាស្ត្រមណ្ឌលប៉ៃលិន ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើការជួសជុលឡើងវិញផងដែរ។
លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់បញ្ហាសុខភាពដោយហូបស្អាត រស់នៅស្អាត ហើយបើមានជំងឺ ត្រូវប្រញាប់ទៅព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងអូរ និងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះខេត្តប៉ៃលិនជាតំបន់ភ្នំ ដែលបង្កឱ្យជំនន់ទឹកភ្លៀ ងវាយប្រហាលឿន។ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតែខិតខំដោះស្រាយនូវការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
សូមរំលឹកថា កាលពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨ ភ្លៀងបង្អោរធ្លាក់យ៉ាងខ្លាំ ងបណ្តាលឱ្យលិចលង់តំបន់មួយចំនួនក្នុងខេត្ត ដូចជា៖ នៅមាត់ច្រកទ្វារអន្តរជាតិព្រំ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ និងភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបើតាមសេចក្តីជូនដំណឹងលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករណ៍ស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២១៨ បានឱ្យដឹងថា នៅដើមរដូវវស្សា ចាប់ដើមខែឧសភា ដល់ខែពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន៕