(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី «កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ» ដល់យុវជនខេត្តត្បូងឃ្មុំ ចំនួន២២៣នាក់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ។
លោកបានឲ្យដឹងថា នេះគឺជាឱកាសល្អ ក្នុងការបណ្ដុះបណ្ដាលឲ្យសកម្មជនបន្តវេនយល់ដឹងអំពី ទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍នយោបាយ ចេះបកស្រាយពន្យល់សាធារណមតិ និងយល់ ដឹងច្បាស់លាស់ អំពីគណបក្ស ដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្សពិតប្រាកដ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនយោបាយ ប្រកបដោយការទទួលស្គាល់ពីគ្រប់ស្រទាប់មហាជន ត្រូវមានចំណុចសំខាន់៣គឺ៖
ទី១៖ត្រូវយកជាតិជាធំ ការស្រលាញ់ទឹកដី ស្រលាញ់ប្រទេសជាតិ ធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិ និងមានមោទនភាព ចំពោះជាតិសាសន៍ខ្លួនឯង
ទី២៖ការស្រលាញ់សាសនា ព្រោះសាសនាជាទីកន្លែងសក្ការៈបូជា របស់ប្រជាពលរដ្ឋគោរព និងមានជំនឿ ដូចជានៅប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រមាណ៩៨%កាន់ព្រះពុទ្ធសាសនា
ទី៣៖ត្រូវចេះថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ឲ្យបានគងវង្ស។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា យុវជនជាទំពាំងស្នងឫស្សី ដែលមិនអាចខ្វះបាន ប៉ុន្តែទំពាំងត្រូវចេះធ្វើសមាហរណកម្ម ជាមួយឫស្សី ដែលជាមនុស្សចាស់ ដើម្បីទទួលបានបទពិសោធន៍ការងារល្អៗ និងការរស់នៅក្នុងសង្គមប្រកបដោយភាពជោគជ័យ ព្រមទាំងចេះស្វែងរកឱកាស បង្កើតឱកាស និងឆក់យកឱកាស ដើម្បីឈានទៅសម្រេចគោលដៅរួមមួយបាន។
លោកបានធ្វើការផ្តាំផ្ញើ ដល់ក្រុមការងារយុវជនទាំងអស់ ត្រូវចេះរៀបចំផែនការប្រចាំថ្ងៃរបស់ខ្លួន ក្នុងការអនុវត្តសកម្មភាពការងារ រួមជាមួយទស្សនវិស័យ ចក្ខុវិស័យច្បាស់លាស់ ត្រូវហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោន៍សាធារណៈ ហើយមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវមានក្រមសីលធម៌ក្នុងការរស់នៅ ទើបញាំងជីវិតរបស់ខ្លួន និងប្រទេសជាតិរបស់យើង ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយអនុវត្តឯកសារយុទ្ធសាស្រ្តស្ដីពី យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ របស់ស.ស.យ.ក ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់ចេញនូវសសរស្ដម្ភចំនួន៩ ហើយកម្មវិធីនេះគឺស្ថិតនៅក្នុងសសរស្ដម្ភទី៤ ស្ដីពីការអភិវឌ្ឍន៍សមត្ថភាពយុវជន ការរៀបចំវគ្គបណ្ដុះបណ្ដាលដល់យុវជន សកម្មជន ខេត្តត្បូងឃ្មុំ ៕