(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីក្មេងប្រកាច់៣នាក់ នៅខេត្តព្រះសីហនុ បន្ទាប់ពីពិនិត្យរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលតេស្តទឹកនោមគឺ មានសារធាតុ Amphetamine និង Methamphetamine។
បើតាមលោកស្រី អ្នកនាំពាក្យ ថ្នាំប្រភេទ zoombie មិនមាន និងមិនអាចទេព្រោះបច្ចុប្បន្នថ្នាំ Zoombie មិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយទេ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំតាមការផ្សាយដែលមានចរិតបំពុលសង្គម។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់បណ្តាញ ព័ត៌មាន Fresh News ថា ចំពោះករណីក្មេង៣នាក់ ដែលពុលភេសជ្ជៈនៅក្រុងព្រះសីហនុ កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានដល់ការចុះឆែកឆេរក្លឹប «Men-បុរស» បន្ទាប់ពីឃាត់ខ្លួនបានបុគ្គលិក របស់ក្លឹបម្នាក់ដែលបានយកដបថ្នាំម្យ៉ាង មកលាយទឹកឲ្យក្មេងៗ ទាំងនោះផឹក។
ឧត្តមសេនីយ៍បញ្ជាក់ថា នៅម៉ោងប្រមាណ១១យប់ បន្ទាប់ពីមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងនគរបាល បានធ្វើប្រតិបត្តិការឆ្មក់ចូលក្លឹប Men ក្នុងប្រតិបត្តិការនោះ ដោយបានធ្វើតេស្តទឹកនោមបុគ្គលិកទាំងអស់ ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធ សារធាតុញៀននោះទេ។ ដោយឡែកសម្រាប់ការធ្វើតេស្តទឹកនោម ចំពោះយុវជនដែលយកថ្នាំលាយឲ្យក្មេងផឹក និងក្មេង៣នាក់ ដែលបានផឹកទឹកថ្នាំនោះ គឺរកឃើញថា ពួកគេបានផឹកទឹកមានលាយសារធាតុ «BAMA» ដែលជាប្រភេទថ្នាំសប្បាយ។
បើតាមសមត្ថកិច្ចបានរៀបរាប់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពីត្រូវបានបុរសម្នាក់ឲ្យ ទឹកក្រូចផឹក ហើយកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក) ឈ្មោះ វ៉ាន់ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មុខរបរធ្វើការនៅក្លឹបមួយ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦ ឈាងចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា១២ជាងរំលងអាធ្រាត្រ រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោល ក៏ប្រទះឃើញដបពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថា មិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល និងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថា ជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធ សំរាប់ទុកសាកខ្លួនឯង លុះដល់ម៉ោង០៥៖០០នាទីទៀបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ និងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែលជា៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ និងទិញទឹកភេសជ្ជៈម៉ាកមួយកំប៉ុង ពេលនោះរូបគេក៏លាយទឹក ពណ៌ស្វាយ ដែលគេរើសបាននោះចូលទៅក្នុងទឹកភេសជ្ជៈរួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា៣នាក់ ដើរមកជិតរូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានឲ្យពួកក្មេងៗនោះផឹក។
រហូតមកដល់ពេលនេះ ក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូរស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ។ ក្មេងទាំង៣នោះមាន ឈ្មោះ ឆន ឆវិន ភេទប្រុស អាយុ១០ឆ្នាំ, ទី២៖ឈ្មោះ សូ រតនា ភេទប្រុស អាយុ៨ឆ្នាំ និងទី៣៖ឈ្មោះ សូ រិទ្ធី ភេទប្រុស អាយុ៧ឆ្នាំ៕