(ភ្នំពេញ)៖ លោក ញឹក ប៊ុន ឆៃ ដែលតុលាការសម្រេចឱ្យនៅឃុំជាបណ្តុះអាសន្ន នឹងត្រូវបានគាំទ្រ ឱ្យធ្វើជាប្រធាន គណបក្សខ្មែររួបរួមជាតិ ឡើងវិញ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាចុងខែកក្កដា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក សិង្ហ គីរី ប្រធានគណបក្សខ្មែររួមរួបជាតិបច្ចុប្បន្ន ដែលថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក សិង្ហ គីរី បានបញ្ជាក់ទៀតថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខ ដើម្បីប្រគល់តំណែងប្រធានបក្សជូនលោក ញឹក ប៊ុនឆៃ ហើយគណបក្សរាជានិយមមួយនេះ ក៏នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ផងដែរ។
លោកបានបញ្ជាក់បន្ថែមទៀតថា គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជូន គ.ជ.ប នៅអំឡុងថ្ងៃទី៤ ឬទី៥ ខែឧសភា ឆ្នាំ២០១៨ ហើយសង្ឃឹមថា គណបក្សនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ទាប់ពីមានដីការនេះ លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានដោះលែងទាំងយប់ នៅថ្ងៃដដែលផងដែរ បន្ទាប់ពីជាប់ពន្ធនាគារអស់រយ:ពេលជិត១ឆ្នាំ។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកត្រូវបានចោទប្រកាន់ចំនួន២បទល្មើសរួមមានពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕
រូបភាពលោក ញឹក ប៊ុនឆៃ នៅក្រៅឃុំជួបជុំសហការី សាច់ញាតិព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ