(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមុខបំភ្លឺករណីម្ចាស់គណនី Facebook ម្នាក់ ឈ្មោះ «ព្រាប សរ» ដែលបានចោទប្រកាន់ថា អាវុធហត្ថខេត្តកំពង់ស្ពឺ ពុករលួយ កាន់តំណែង៣ឆ្នាំ មានលុយទិញផ្ទះ៣៥ម៉ឺនដុល្លារ កាត់លុយកូនចៅស្រេចតែចិត្ត។
លោក អេង ហ៊ី បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឲ្យស្រាវជ្រាវជាបន្ទាន់។
លោកបន្តថា លោកបានសាកសួរដោយផ្ទាល់ ចំពោះមត្ត្រីសិក្ខាមរបស់អាវុធហត្ថខេត្តកំពង់ស្ពឺចំនួន១៦០នាក់ អំពីការកាត់ប្រាក់ខែ ពួកគេបានឆ្លើយដោយស្មោះត្រង់ថា អត់មានកាត់ប្រាក់ខែទេ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបំភ្លឺក្នុងខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះថា៖
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ មាន Account Facebook ឈ្មោះ ព្រាប សរ បានលើកឡើង comment ក្នុង Page ថ្នាក់ដឹកនាំថា «សូមមើលអាវុធហត្ថខេត្តកំពង់ស្ពឺផងសម្តេច ពុករលួយកាន់៣ឆ្នាំ ទិញផ្ទះ៣៥ម៉ឺនដុល្លារ កាត់លុយកូនទាហាន ស្រេចតែចិត្ត ដោយយកលេសថាមូលនិធិនេះ មូលនិធិនេះ ប្រាក់ខែមួយខែចូលមិនគ្រាន់ផង»។ ខ្ញុំបាទសូមអរគុណ និងទទួលយកការផ្តល់ព័ត៌មាន ក៏ដូចជាការរិះគន់មកអង្គភាពយើងខ្ញុំ ក្នុងន័យស្ថាបនា ធ្វើឱ្យកងរាជអាវុធហត្ថកាន់ ទទួលបាននូវការទុកចិត្ត ពីសំណាក់សាធារណជន។
ដោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទបានសួរនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដោយផ្ទាល់ ដែលកំពុងទទួលការអប់រំរៀនសូត្រ នៅបញ្ជាការដ្ឋានតែម្តង។ ខ្ញុំបាទបានសួរពួកគាត់ទាំង សិក្ខាកាមពេលព្រឹក និងពេលរសៀល សរុបចំនួនប្រមាណ១៦០នាក់ អំពីការកាត់ប្រាក់ខែ ពួកគាត់បានឆ្លើយដោយស្មោះត្រង់ថា អត់មានកាត់ប្រាក់ខែទេ។ (មានរូបភាពជាវីដេអូបង្ហាញជូនខាងក្រោម)
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំ រំលឹកដាស់តឿនដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងកងរាជអាវុធហត្ថ ហាមកាត់គោលរបបរបស់ទ័ព ជាពិសេសប្រាក់ខែ លើសពីនេះទៀត គឺបានជំរុញលើកទឹកចិត្តឱ្យបំពេញបន្ថែម លើគោលរបបរបស់រដ្ឋ ដូចជាការហូបឆ្អែត អនាម័យ។ល។
ជាមួយគ្នានេះ កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងសង្គមដោយបានមូលមតិជាឯកច្ឆន្ទ បង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ដើម្បីប្រមូលថវិកាចូលបុណ្យសព តាមសទ្ធាជួយរំលែកទុក្ខដល់គ្រួសារសពនៃ កងរាជអាវុធហត្ថដែលពលី មរណៈ។ ការបង្កើតមូលនិធិនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ហើយមានការចូលរួមគាំទ្រ ពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដោយបង្កើតគ្រុបក្នុងប្រព័ន្ធ Whatsapp ហើយនៅពេលមានអាវុធហត្ថពលី មរណៈ ក្រុមការងារបានប្រកាសក្នុងគ្រុបនោះ សមាជិកដែលមានឈ្មោះ បានចូលថវិកាបុណ្យតាមសទ្ធាមិនមានការបង្ខិតបង្ខំទេ។
លោក នាយឧត្តមសេនីយ៍ សៅ សុខា បានចូលបុណ្យក្នុងមួយសព៥លានរៀល ហើយនាយទាហាន នាយទាហានរងក៏បានចូលបុណ្យបន្តបន្ទាប់តាមសទ្ធា។ ការប្រមូលថវិកាបុណ្យសពនេះ ចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០១៧ មកដល់ពេលនេះរយៈពេល១ឆ្នាំហើយ ក្នុងសពមួយប្រមូលបានចាប់ពីជាង៣០លានរៀល ដល់៧០លានរៀល។ ថវិកានេះ បានជួយដោះស្រាយដល់គ្រួសារសព ក្នុងការចំណាយធ្វើបុណ្យសពតាមប្រពៃណីសាសនា និងពិធីកងទ័ព ព្រមទាំងជួយដោះស្រាយដល់ជីវភាពក្នុងគ្រួសារផងដែរ។
ជាចុងក្រោយ ខ្ញុំបាទសូមជម្រាបជូនសាធារណជនថា នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពុំមានការកាត់លុយកូនទាហាន និងមិនមានការបង្ខិតបង្ខំ នាយទាហាន នាយទាហានរង ឱ្យចូលរួមមូលនិធិទេ គឹចូលបុណ្យតាមសទ្ធា ក្នុងនាមជាមហាគ្រួសារកងរាជអាវុធហត្ថ៕