(ភ្នំពេញ)៖ អំឡុងខែមេសា ឆ្នាំ២០១៨នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី និងអតីតមន្ត្រីសរុបចំនួន ១១៧២នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU ស្តីពីកិច្ចប្រជុំលើកទី៣៤ អាណត្តិទី២ នៃក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងបន្តថា ក្នុងចំណោម មន្ត្រីទាំង១១៧២នាក់នោះ មានការតែងតាំងថ្មីចំនួន ៩១០នាក់ លាលែង ចប់អាណត្តិចំនួន ១២៧នាក់ ចូលនិវត្តន៍ ៦នាក់ និងបញ្ចប់មុខដំណែងចំនួន ១២៩នាក់។
ដោយឡែក ក្នុងខែមេសានេះដែរ ACU ក៏បានទទួលពាក្យប្តឹងចំនួន ៤៨ពាក្យផងដែ ដែលក្នុងនោះមានបណ្តឹងអនាមិក ១១ពាក្យ ស្មើនឹង២៣%។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការបន្តជំរុញឲ្យមន្ត្រីជាប់កាតព្វកិច្ច មកប្រកាសទ្រព្យសម្បត្តិ និងបំណុល។
អង្គប្រជុំបានកត់សម្គាល់ថា ការបន្តអនុវត្តនូវការអប់រំ បង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ នៅតែជាវិធានការស្នូល ក្នុងការកាត់បន្ថយអំពើពុករលួយ ដើម្បីលើកស្ទួយសង្គមឲ្យមានភាពស្អាតស្អំ៕