Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានពន្ធនាគាររាជធានីភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ចាកចេញពីពន្ធនាគារហើយនៅយប់មិញនេះ ដោយសារស្ថានភាពសុខភាព

01-05-2018 08:37

(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ហើយ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រោយតុលាការសម្រេចឱ្យនៅក្រៅឃុំ។ នេះបើតាម លោក ពេជ្រ យ៉ុន​ ប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ពេជ្រ យ៉ុន​ បានបញ្ជាក់ថា ការចាកចេញទាំងយប់នេះ ដោយសារតែ លោក ញឹក ប៊ុនឆៃ មានបញ្ហាសុខភាព ដែលសម្ពាធឈាមរបស់លោកឡើងខ្ពស់ ទើបពន្ធនាគារអនុញ្ញាតឱ្យគាត់ចេញ ដើម្បីថែរក្សាសុខភាព។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចោទប្រកាន់ចំនួន២បទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០០៧ ហើយត្រូវតុលាការឃុំខ្លួន អស់រយៈពេលជិត១ឆ្នាំ។

លោក ញឹក ប៊ុនឆៃ អតីត​ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៧​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកត្រូវបានចោទប្រកាន់ពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕