(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន២៧គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន២៧គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន២១គ្រឿង, រ៉ឺម៉កម៉ូតូកង់៣ចំនួន៦គ្រឿង។
បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី។
ជាមួយគ្នានេះនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២០៖៣០នាទី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និង ស្រីរកស៊ីផ្លូវភេទ នៅទីតាំងរមណីដ្ឋានវត្តភ្នំ សួនមិត្តភាពកម្ពុជា-ថៃ ជុំវិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្លុកតាំប៉ា ក្នុងវត្តកោះ និងក្នុងតំបន់បឹងកក់ ជាលទ្ធផលឃាត់ខ្លួនមនុស្សបានចំនួន២៦នាក់ ជនអនាថាចំនួន១២នាក់ (ស្ត្រី០២នាក់) ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ អ្នករត់ម៉ូតូឌុបស្រ្តីរកស៊ីផ្លូវភេទចំនួន០៣នាក់ និងភេទទីបីចំនួន០១នាក់ រួមជាមួយម៉ូតូចំនួន០២គ្រឿង ។
ជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនមកសាលាខណ្ឌដូនពេញ និង បានបញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ត៕