ពេញ១ខែមេសា កម្លាំងនគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជិត១០ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង១ម៉ឺនគ្រឿង និងផាកពិន័យជាង៧ពាន់គ្រឿង
01-05-2018 06:54
(ភ្នំពេញ)៖ រយៈពេលពេញ១ខែមេសា ឆ្នាំ២០១៨ ពោលគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដ ត្រួតពិនិត្យចំនួន ៩១,៦៦៥គ្រឿង រកឃើញយានយន្តល្មើស ១៣,១០៧គ្រឿង (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៥,៧៥២គ្រឿង និងផាកពិន័យ៧,៣៥៥គ្រឿង (ម៉ូតូ៩៧ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួម ចំនួន៣៦,៤៦១គ្រឿង អប់រំ១,៩៦៦គ្រឿង និងផាក់ពិន័យចំនួន៤,៩២៣គ្រឿង។
របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១២,៤៦៨គ្រឿង៕