(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥,៥១៥នាក់។ នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដទៃទៀត អញ្ជើញចូលរួមរាំកម្សាន្ត និងពិសាអាហារជុំគ្នាជាមួយកម្មករ កម្មការិនី ដោយមានតន្ត្រីកំដផងដែរ។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន ក៏នឹងឆ្លៀតទទួលជួបជាមួយជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធានក្រុមហ៊ុន មីនេបៀ មីតហ៊្សូមី ដើម្បីបានស្តាប់ពីស្ថានភាពការងាររបស់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត៕