(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព ជាពិសេសប្រែក្លាយវិស័យមួយនេះ ឲ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «យើងមានមោទនភាព នឹងប្រាប់ពិភពលោកថា វិស័យពាណិជ្ជកម្មរបស់កម្ពុជារីកចម្រើន លុះត្រាតែវិស័យឯកជននៅក្នុងប្រទេសយើង មានសកម្មភាពផុសផុល និងរស់រវើក»។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មទូទាំងរាជធានី/ខេត្ត ប្រមាណជាង ៨០រូប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាការងារអទិភាព ជូនសភាពាណិជ្ជកម្មកម្ពុជា ដំណាលគ្នានឹងការដាក់ចេញកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ ក៏បានពន្យល់អំពីវត្ថុបំណងនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ដែលជារបបលើកទឹកចិត្ត ផ្តល់តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួយវិនិយោគិនឲ្យទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញនៃប្រតិបត្តិការអាជីវកម្មរហូតដល់ ៩ឆ្នាំ និងពន្ធលើការនាំចូលវត្ថុធាតុដើមប្រភេទគ្រឿងម៉ាស៊ីន ២០%ជាដើម។
ទន្ទឹមគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា សំដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕