(ភ្នំពេញ)៖ លោក សុខ សូកេន អនុរដ្ឋលេខាធិការ និងប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (សសយក-កបទ.សអ) បានលើកឡើងថា សន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា ចែករំលែកសេចក្តីស្រលាញ់ និងលេងកីឡាបាល់ទាត់ជាមួយគ្នាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពក្នុងចំណោមយុវជនក្រសួងការបរទេស និងយុវជនស្រុកស្អាង។
លោកក៏បានបង្ហាញពីបញ្ហាអស្ថេរភាព និងសង្រ្គាមនៅតាមបណ្តាលប្រទេសមួយចំនួនក្នុងពិភពលោក និងបានលើកទឹកចិត្តឱ្យយុវជន និងសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងចូលរួមថែរក្សាសន្តិភាពដែលរកបានដោយលំបាក។
លោក សុខ សូកេន បានថ្លែងបែបនេះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសលោករួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សសយក-កបទ.សអ និង សសយក ស្រុកស្អាង ចូលរួមពិធីប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ សសយក-កបទ.សអ និងក្រុមកីឡាករ សសយក ស្រុកស្អាង នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល៕