(ភ្នំពេញ)៖ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក ញឹក ប៊ុនឆៃ នឹងត្រូវដោះលែង ឱ្យចាកចេញពីពន្ធនាគារ នៅព្រឹកស្អែក ក្រោយតុលាការសម្រេចដោះលែង ឱ្យនៅក្រៅឃុំ។
លោក ពេជ្រ យ៉ុន បានបញ្ជាក់ថា ដីកាដោះលែង លោក ញឹក ប៊ុនឆៃ បានមកដល់ពន្ធនាគារ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្តែដោយសារតែការមកដល់នេះ បានផុតម៉ោងរដ្ឋបាល ទើបការដោះលែងនឹងធ្វើឡើងនៅព្រឹកស្អែកតែម្តង។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញដីកាដោះលែង លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យមានសេរីភាពឡើងវិញហើយ។
លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចោទប្រកាន់ចំនួន២បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០០៧ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេលជិត១ឆ្នាំ។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកត្រូវបានចោទប្រកាន់ពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕