(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ខ្មែរជំនាន់ទី២៨ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី និងសិក្ខាកាមសរុប ចំនួន១៦៨ អង្គ/នាក់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានថ្លែងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អាចដឹងកាន់តែច្បាស់ថា ប្រពៃណីខ្មែរ ជាប្រពៃណីមានតម្លៃថ្លៃថ្លា ដែលដូនតាបានបន្សល់ទុកយូរយារណាស់មកហើយ។ ភាពរុងរឿងទាំងឡាយមានពន្លឺចិញ្ចាចចិញ្ចែង តាំងពីរាជព្រះបាទជ័យវរ្ម័នទី២ គឺដើមស.វ.ទី៩ ដែលព្រះអង្គរើរួចពីនឹមរបស់ពួកជ្វា ហើយទ្រង់តាំងប្រទេសឯករាជ្យឡើង ដោយរួបរួមចេនឡាលើ និងចេនឡាក្រោម ទ្រង់តាំងទីក្រុងថ្មី នៅក្នុងតំបន់ខាងជើង បឹងទន្លេ-សាប និងជាតំណរមកនៅចុងស.វ.ទី៩ ព្រះបាទយសោវរ្ម័នទ្រង់សាងក្រុងអង្គរឡើង នៅត្រង់កណ្តាលភ្នំបាខែង ទីក្រុងនគរនេះហើយ ដែលជាទីកកើត នៃអារ្យធម៌របស់ខ្មែរយើង។
បើតាមលោកទេសរដ្ឋមន្ដ្រី ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ពីសម័យកាលមួយទៅសម័យកាលមួយ យើងអាចសន្និដ្ឋានបានថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយ ដែលមានវ័យចំណាស់ក្នុងតំបន់។ ហេតុនេះទើបសង្កេតឃើញថា រាល់សកម្មភាពទាំងឡាយ ក្នុងប្រពៃណីទំនៀមទម្លាប់ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ចំពោះពិធីកម្មនីមួយៗ ច្រើនមានសិល្ប៍វិធីអប់រំ ប្រកបដោយទស្សនៈវិជ្ជា។
ដូច្នេះរាល់ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី បែបទំនៀមទម្លាប់បុរាណក្តី ចាំបាច់ទាមទាឲ្យមានអ្នកចេះដឹង និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ មានគោលការណ៍ឯកភាពមួយ។ អាចារ្យជាអ្នកដឹកនាំកិច្ច ត្រូវចេះពន្យល់ និងណែនាំអ្នកដទៃឲ្យបានដឹងអំពីផ្លូវខុសនិងត្រូវ ហើយត្រូវមានចំណេះដឹងខ្ពស់ និងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចដឹកនាំកិច្ចក្នុងពិធីកម្មផ្សេងៗ តាមលក្ខណៈប្រពៃណីជាតិខ្មែរបាន។
លោកបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាបានបន្សល់ទុកឲ្យ ហើយការអនុវត្តនោះ ត្រូវឲ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និងធ្វើឲ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត៕