(ឧត្តរមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីអបអរសារទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ឧសភាឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល»។
ពិធីនេះធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងសប្បុរសជនជាច្រើនរូបផងដែរ។
ខួបលើកទី១៥៥ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ឧសភាឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅពេលនេះ គឺក្នុងគោលបំណងគៀងគររកថវិការពីសប្បុរសជន ពីអ្នកស្មគ្រ័ចិត្តនានា ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា សម្រាប់យកទៅចាត់ចែងជួយជនងាយរងគ្រោះ ក៏ដូចជាចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។
ថវិកាដែលប្រមូលបានពីសប្បុរសជន ក្នុងឱកាសនោះ មានចំនួន១០០,១០០ដុល្លារ ហើយដើម្បីលើកទឹកចិត្តដល់សប្បុរសជន ដែលបានបរិច្ចាកថវិការក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់បណ្ណ័សរសើរផងដែរ៕