(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ឲ្យមានការគាំទ្របន្តវិនិយោគ ជាប្រចាំទៅលើអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មប ដើម្បីជួយសង្រ្គោះជីវិតស្រ្តីជាមាតា ទារក និងកុមារនៅកម្ពុជា។

ការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងតាមរយៈសារលិខិតចូលរួមអបអរសាទរទិវាឆ្មបជាតិ និងអន្ដរជាតិ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្មបនាំមកនូវការថែទាំប្រកបដោយគុណភាព» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសានេះ ។

ក្នុងសារលិខិតនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីធានាបានថា ស្ដ្រីកម្ពុជាគ្រប់រូបសម្រាលកូនដោយសុវត្ថិភាព សូមភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ និងវិនិយោគបន្ដ ដើម្បីជួយសង្គ្រោះជីវិតស្ដ្រី ជាមាតាទារក និងកុមារកម្ពុជា។ ក្នុងនោះ សូមក្រុមឆ្មបជំនាញ គួរខិតខំបង្កើនសមត្ថភាពយល់ដឹង និងបទពិសោធន៍ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្ដល់សេវាសុខភាព មានគុណភាព ដោយចិត្ដទុកដាក់ ទទួលខុសត្រូវខ្ពស់ ​ប្រកបដោយគុណធម៌ និងសមធម៌ សហការគ្នា ដើម្បីប្រយោជន៍សុខភាស្ដ្រី ទារក កុមារ និងឈានទៅសម្រេចបានជោគជ័យថ្មីៗទៀត តាមគោលដៅដែលរាជរដ្ឋាភិបាលកំណត់។

ក្នុងនោះឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានផ្ដោតសំខាន់ លើការងារសុខភាពមាតា និងទារក ដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងលើកទឹកចិត្ដដល់ស្រ្ដីមានគភ៌ និងសម្រាលកូនដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ពិសេសការសម្រាលកូនដោយសុវត្ថិភាព និងអាហារូបត្ថម្ភ ដែលធ្វើឲ្យទិវាឆ្មបជាតិ៥ឧសភា ឆ្នាំ២០១៨នេះ កាន់តែមានអត្ថន័យជ្រាលជ្រៅថែមទៀត ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានអំពាវនាវ ដល់ស្ដ្រីមានផ្ទៃពោះ មកទទួលសេវាពិនិត្យ ថែទាំឲ្យបានទៀងទាត់ ពីឆ្មបជំនាញក្នុងពេលពរពោះ ពេលសម្រាលកូន និងក្រោយសម្រាល តាមកាលកំណត់ណាត់ជួប ដើម្បីទទួលបានសុខភាពល្អទាំងមាតា និងទារក។ សូមធ្វើការពន្យារកំណើតពីកូនមួយទៅកូនបន្ទាប់ ឲ្យបានបីឆ្នាំ និងសូមយកទារក និងកុមារតូចមកទទួលថ្នាំបង្ការជំងឺ ឲ្យបានគ្រប់គ្រាន់តាមកំណត់ ៕