(បាត់ដំបង)៖ កំណាត់ផ្លូវរថភ្លើងពីបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបងប្រវែងប្រមាណជា ៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ បន្ទាប់ពីបានខកខានដំណើរការអស់រយៈពេលប្រមាណជា ១២ឆ្នាំ។ ការដាក់ឲ្យដំណើរការឡើងវិញនូវកំណាត់ផ្លូវរថភ្លើងពីបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបង បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្នុងខេត្តទាំងពីរនេះ បាននឹករលឹកដល់អនុស្សាវរីយ៍ក្នុងការធ្វើដំណើរតាមផ្លូវរថភ្លើងនេះកាលពីអតីតកាលផងដែរ។

ក្រោយពេលប្រទេសកម្ពុជារំដោះចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ គឺជាមធ្យោបាយដ៏ចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប្រើប្រាស់សម្រាប់ធ្វើដំណើរមករាជធានីភ្នំពេញ ឬក៏ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តទាំងអស់នេះ ព្រោះមិនមានមធ្យោបាយដឹកជញ្ជូនថ្មីនោះឡើយ។

ផ្លូវរថភ្លើងនេះ ក៏ជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នកជំនួញក្នុងការដឹកជញ្ជូនទំនិញរបស់ពួកគេ ពីប្រទេសថៃមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ដែលនៅជាប់ផ្លូវរថភ្លើងនេះ។ ផ្លូវរថភ្លើងពីភ្នំពេញ រហូតដល់ខេត្តបន្ទាយមានជ័យ ត្រូវបានអាកខានដំណើរការទៅវិញក្នុងឆ្នាំ២០០៦ ដោយសារតែស្ថានភាពផ្លូវដែកត្រូវបានទ្រុឌទ្រោម។

បន្ទាប់ពីដំណើរការសាងសង់ និងជួសជុលរួចរាល់អស់ជាច្រើនឆ្នាំកំណាត់ផ្លូវដែកពីបាត់ដំបង ទៅបន្ទាយមានជ័យ និងរហូតដល់ក្រុងប៉ោយប៉ែត ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយ។ ជាមួយការដាក់ឲ្យដំណើរការនេះ មានប្រជាពលរដ្ឋក្នុងខេត្តទាំងពីរនេះជាច្រើននាក់ បាននាំគ្នាមកជិះរថភ្លើងនេះ។ ការជិះរថភ្លើងនេះ ពលរដ្ឋខ្លះ ក៏ចង់ស្គាល់រស់ជាតិនៃការជិះរថភ្លើង ហើយពលរដ្ឋខ្លះទៀតមកជិះ ដើម្បីនឹករលឹកដល់អនុស្សាវរីយ៍កាលពីអតីតកាលរបស់ខ្លួន។

អ៊ុប្រុសម្នាក់រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៨០ និង៩០ ប្រជាពលរដ្ឋជាច្រើនកុះករបានជិះប្រជ្រៀតនៅលើរថភ្លើងនេះ។ អ៊ុប្រុសបានរំលឹកទៀតថា ដោយសារក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០នេះ ទាហ៊ានខ្មែរក្រហមនៅពួនសម្ងំតាមព្រៃនៅឡើយនោះ ដូច្នេះពេលខ្លះពួកគេបានបំផ្ទុះគ្រាប់មីនផ្តាច់ផ្លូវ ហើយក៏ត្រូវដេកក្នុងព្រៃ ហើយពេលខ្លះទៀតពួកគេចេញមកស្ទាក់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋក៏មាន។ ពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋ បានស្លាប់បាត់បង់ជីវិតថែមទៀតផង។

«ការដាក់ឲ្យដំណើរការផ្លូវរថភ្លើងនេះឡើងវិញ ធ្វើឲ្យខ្ញុំស្រណោះដល់គ្រាពីអតីតកាល ដែលកាលនោះរថភ្លើងមិនបានស្រួលបែបនេះទេ ជិះប្រជ្រៀតគ្នា ខ្លះអង្គុយលើដំបូលក៏មាន។ ពេលខ្លះត្រូវខ្មែរក្រហមចេញមកស្ទាក់ប្លន់ និងដាក់គ្រាប់មីនបំផ្ទុះផ្តាច់ផ្លូវក៏មាន»។ បុរសវ័យចំណាស់បញ្ជាក់។

មិនមែនមានតែបុរសវ័យចំណាស់រូបនេះទេ ដែលបានចងចាំនូវអនុស្សាវរីយ៍ទាំងនេះ នៅមានប្រជាពលរដ្ឋក្នុងខេត្តទាំងពីរនេះ ជាច្រើនទៀត ក៏បានចងចាំ និងឌិតដាមដោយអនុស្សាវរីយ៍ទាំងនេះផងដែរ។

បុរសវ័យចំណាស់នៅក្នុងខេត្តបន្ទាយមានជ័យរូបនេះ ក៏បានសារទរផងដែរចំពោះវត្តមានជាថ្មីនៃខ្សែរថភ្លើងរបស់កម្ពុជានៅភាគខាងជើងរាជធានីភ្នំពេញនេះ។ ជាពិសេសរថភ្លើងនេះមានម៉ាស៊ីនត្រជាក់ និងមានកន្លែងអង្គុយស្រួលថែមទៀតផង៕