(រតនគិរី)៖ កម្លាំងកងអាវុធហត្ថខេត្តរតនគិរី បានបញ្ជូនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព ចូល​លួចអាគុយបង្គោលអង់តែន ក្រុមហ៊ុនទូរស័ព្ទ Metfone ទៅសាលាដំបូង ខេត្តរតនគិរី ដែលជនសង្ស័យធ្លាប់ បានលួចអាគុយអស់ប្រមាណ១៣០គ្រឿង ដែលមានតម្លៃជាង៣ម៉ឺនដុល្លារ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់ភ្នាក់ងារ Fresh New​s នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះថា យោងតាមពាក្យបណ្តឹងរបស់ លោក កោ មាញ់ណាម អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ជា​នាយកសាខាក្រុមហ៊ុន Metfone មកកាន់អង្គភាពអាវុធហត្ថ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

លោកមេបញ្ជាការបញ្ជាក់ថា ​ក្រោយពីទទួលពាក្យបណ្តឹងរួចមន្ត្រីអាវុធហត្ថជំនាញ បានចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ឹម បូរ៉ា ​អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចអាគុយអង់តែនទូរស័ព្ទ ​Metfone ចំនួន២គ្រឿង។​

បើតាមមន្រ្តីអាវុធហត្ថ រយៈពេល២ឆ្នាំកន្លងមក សាខាក្រុមហ៊ុន Metfone នៅខេត្តរតនគិរី បាត់អាគុយប្រមាណ១៣០គ្រឿង បើគិតជាលុយជាង៣ម៉ឺនដុល្លារឯណោះ ហើយអ្នកលួចទាល់តែមាន បច្ចេកទេសខ្ពស់ណាស់ ព្រោះមានកាមេរ៉ាសុវត្ថិភាពតែពួកគេ កាត់ផ្តាច់កាមេរ៉ាសុវត្ថិភាពរួចចូលលួចពីខាងក្រោយមកវិញ៕