(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានកំពុងឈានទៅរក ការអភិវឌ្ឍន៍ទៅមុខកាន់តែឆាប់រហ័ស ដោយបច្ចុប្បន្នកម្ពុជា មានសំណងអាគារខ្ពស់ៗជាច្រើន ព្រមទាំងមានអ្នកវិនិយោគបរទេស បាននិងកំពុងមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ក្នុងនោះដែរ ជប៉ុនជាប្រទេសមួយ ដែលកំពុងមានការអភិវឌ្ឍន៍ និងបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមានអំណោយផលខ្ពស់ ក្នុងការវិនិយោគ។ នេះបើតាមលោក Tatsuo YAMAZAKI អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន។
ថ្លែងក្នុងជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោក Tatsuo YAMAZAKI បានលើកឡើងថា «កម្ពុជាជាប្រទេសមួយមានទីផ្សារបើកចំហរខ្លាំង និងមានបរិយាកាសវិនិយោគ អំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគិនបរទេស ទាំងអស់មិនថាតែជប៉ុននោះឡើយឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើងៗ ទាំនេះនិងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត»។
លោក Tatsuo YAMAZAKI បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា នាបរិការណ៍បច្ចុប្បន្នជាមួយការអភិវឌ្ឍន៍, សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។
លោកក៏បានបញ្ជាក់បន្ថែមថា «ផ្អែកលើកំណើន និងការអភិវឌ្ឍន៍ទាំងនេះរូបខ្ញុំផ្ទាល់ ក៏ដូចជាអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការមកដាក់ទុនវិនិយោគនៅកម្ពុជា»។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកវិនិយោគិនបរទេសទាំងអស់ ដោយបានគាំទ្រធុរកិច្ច និងកំពុងតែខិតខំបន្ថែមទៀតក្នុងការកែលម្អ និងរៀបចំបរិយាកាសធុរកិច្ចអំណោយផល ក្នុងការគាំទ្រវិនិយោគិនទាំងអស់ឲ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយមកទាំងការមានទំនុកចិត្ត និងភាពរឹងមាំ។
សូមបញ្ជាក់ថា ដើម្បីបន្ថែមលើការលើកកម្ពស់បរិយាកាសវិនិយោគនេះ កម្ពុជានឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដើម្បីបានជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕