(ក្រចេះ)៖ និវត្តន៍ជនរស់នៅសង្កាត់ផ្សារវែង ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អន្តរជាតិឱ្យបញ្ឈប់លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដើម្បីកុំឱ្យមករស់នៅ និងធ្វើនយោបាយ នៅកម្ពុជាតទៅទៀត។
ការប្រតិកម្មរបស់និវត្តន៍ជនខេត្តក្រចេះនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
លោក ហេង ផល្លី ជានិវត្តន៍ជនរស់សង្កាត់ផ្សារវែង ក្រុងក្រចេះ ខេត្តក្រចេះ បានលើកឡើងថា លោកមានកំហឹង និងមានការឈឺចាប់ចំពោះលោក សម រង្ស៊ី កូនរបស់លោក សម សារី ដែលជាមេក្បត់ជាតិ ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាម។
លោកបានបញ្ជាក់ថា «សុំឱ្យតុលាការអន្តរជាតិ កាត់ទោស លោក សម រង្ស៊ី ដើម្បីឱ្យមតិអន្តរជាតិមើលឃើញច្បាស់ថា លោក សម រង្ស៊ី នេះជាជនក្បត់ជាតិ លក់ទឹកដីកម្ពុជាទៅឱ្យយួន និងមួយទៀត សូមឱ្យសម្តេចតេជោ បិទសិទ្ធិកុំឱ្យលោក សម រង្ស៊ី ចូលមករស់នៅប្រទេសកម្ពុជាតទៅទៀត»។ និវត្តន៍ជនរូបនេះបានបន្តទៀតថា ក្នុងនាមជាកូនខ្មែរ លោកសុខចិត្តប្តូរជីវិត ដើម្បីការពារទឹកដី មិនឱ្យជនបរទេសណាមួយមក ជ្រៀតជ្រែក ឬដណ្តើមយកទឹកដីខ្មែរបាន ១ចង្អាមឡើយ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕