(ភ្នំពេញ)៖ នៅសប្តាហ៍កន្លងទៅនេះថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន បានបើកកិច្ចប្រជុំកំពូលលើកទី៣២ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះ មេដឹកនាំកំពូលអាស៊ានបានជជែកពិភាក្សាទៅលើការងារជាច្រើនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនៃប្រទេសជាសមាជិក ព្រមទាំងពិភាក្សាផងដែរលើបញ្ហានៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបានធ្វើការអះអាងឡើងវិញអំពីសារសំខាន់ក្នុងការរក្សាតួនាទីស្នូល និងឯកភាពរបស់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ និងការជាប់ពាក់ព័ន្ធជាមួយដៃគូខាងក្រៅ ព្រមទាំងស្វាគមន៍នូវគំនិតផ្តួចផ្តើមនានា ក្នុងការពង្រឹងនិម្មាបនកម្មតំបន់ ដែលបើកចំហ មានតម្លាភាព បរិយាប័ន្ន និងឈរលើយន្តការនានាដែលដឹកនាំដោយអាស៊ាន។ ថ្នាក់ដឹកនាំបានប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការដោះស្រាយជម្លោះដោយសន្តិវិធី មិនជ្រើសរើសការគំរាមកំហែង ឬការប្រើកម្លាំង ដោយអនុលោមទៅតាមគោលការណ៍ច្បាប់អន្តរជាតិដែលមានការទទួលស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ចំពោះការកសាងសហគមន៍អាស៊ាន ថ្នាក់ដឹកនាំបានធ្វើការពិភាក្សាប្រកបដោយលទ្ធផល និងបានតាំងចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការកសាងភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៉ីនធឺណេត និងសន្ធិសញ្ញាបត្យាប័នអាស៊ាន។ ថ្នាក់ដឹកនាំបានយល់ព្រមជំរុញថែមទៀតដល់នវានុវត្តន៍ និងពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សមាហរណកម្មវិនិយោគ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ក្របខណ្ឌការងារសមាហរណកម្មឌីជីថលអាស៊ាន។
ខាងក្រោមនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំ ដែលក្រសួងការបរទេសកម្ពុជា ទើបនឹងផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ៖