(ភ្នំពេញ)៖ ថ្ងៃដំបូង នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានតែគណបក្សនយោបាយចំនួន២ បានចុះបញ្ជីរួចរាល់ និងមានគណបក្សចំនួន១៦ផ្សេងទៀត បានទៅយកឯកសារពីទម្រង់បែបបទ ១០០៨ ពីគ.ជ.ប ដើម្បីបំពេញត្រៀមចុះបញ្ជីចូលរួមប្រកួតប្រជែង នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចនេះ។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ឱ្យដឹងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីរួចរាល់មុនគេនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ, នាពេលបច្ចុប្បន្ន គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ កម្ពុជាមានគណបក្សនយោបាយចំនួន៣៨ហើយ ត្រូវបានចុះបញ្ជីទទួលស្គាល់ភាពស្របច្បាប់ ដោយក្រសួងមហាផ្ទៃ ខណៈគណបក្សចំនួន២ទៀត ពោលគឺគណបក្សឆន្ទៈខ្មែរ របស់កូនលោក គង់ គាំ និងគណបក្សខ្មែរក្រោករបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង កំពុងដំណើរការស្វែងរកស្នាមមេដៃ ដើម្បីចុះបញ្ជី។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕