(ភ្នំពញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញបនប័ត្រចុះបញ្ជីជាស្ថាពរ អនុញ្ញាតឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងថ្មីចំនួន៣ទៀត បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជាង១០លានដុល្លារអាមេរិក ផ្តល់ការងារថ្មីៗជូនប្រជាពលរដ្ឋជាង៣ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន JIN YUNJIN (CAMBODIA) GARMENT CO.,LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
២៖ ក្រុមហ៊ុន HOTA FOOTWEAR CO., LTD.: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៤៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦២៦កន្លែង។
៣៖ ក្រុមហ៊ុន CAMBO H.D.Y.L GARMENT CO.,LTD. :គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង៕