(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ ចំនួន៨ចំណុច ដើម្បីជាមូលដ្ឋានក្នុងការពិចារណា សម្រាប់អនុវត្តការងារកសិកម្ម។
គោលការណ៍៨ចំណុច ដែលរដ្ឋមន្ដ្រី វេង សាខុន បានដាក់ចេញជូនអង្គសន្និបាត ខាងលើនេះ រួមមាន៖
ទី១៖ ត្រូវជំរុញផលិតកម្មគ្រប់មុខដំណាំទាំងបរិមាណ គុណភាព និងសុវត្ថិភាពចំណីអាហារ។
ទី២៖ ត្រូវជំរុញគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់បង្កើនសន្ទុះ នៃការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ឲ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ដោយត្រូវយកចិត្តទុកដាក់ លើការស្រាវជ្រាវ អភិវឌ្ឍន៍ផ្សព្វផ្សាយ និងប្រើប្រាស់ របកគំហើញថ្មីៗ ដូចជាបច្ចេកទេសផលិត កែច្នៃ បច្ចេកវិទ្យា ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មច្នៃប្រឌិតថ្មី ប្រកបដោយ គុណភាព សុវត្ថិភាព និងភាពវៃឆ្លាត ក្នុងការទប់ស្កាត់ការបាត់បង់គុណភាពដី ការខ្ជះខ្ជាយថាមពល និងទឹក។
ទី៣៖ ពន្លឿនការងារកំណត់ តំបន់ដាំដុះដំណាំកសិកម្ម ជាពិសេស រៀបចំនិងបោះពុម្ព ជាផែនទីកំណត់តំបន់ដាំដុះ ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងជំរុញ ផលិតកម្មកសិកម្ម ពិសេសដំណាំទៅតាម តំបន់មានសក្តានុពល និងទាក់ទាញវិនិយោគទុន ឲ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ទី៤៖ ជំរុញការចិញ្ចឹមសត្វឲ្យមាននិរន្តរភាព តាមរយៈការពង្រឹងប្រសិទ្ធភាពការស្រាវជ្រាវ និងផ្សព្វផ្សាយ បង្កើនសមត្ថភាពបង្ការ ទប់ស្កាត់ជំងឺឆ្លងសត្វផ្សេងៗ ធានាការផ្គត់ផ្គង់សត្វ សាច់សត្វ ប្រកបដោយអនាម័យ និងសុវត្ថិភាព។ បន្ថែមលើនេះ ត្រូវជំរុញកំណើនសត្វចិញ្ចឹម ទាំងជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម ឲ្យបានក្នុងរង្វង់ ៣% ពិសេសជំរុញការ ចាក់វ៉ាក់សាំងគោក្របី របស់កសិករគ្រួសារឲ្យបាន ១,៧៥ លានក្បាល និង ជំរុញឲ្យសត្តឃាតដ្ឋាន ម្ចាស់ការអនុវត្តស្តង់ដារអនាម័យល្អ ក្នុងស្មារតីទទួលខុសត្រូវ។
ទី៥៖ បង្កើនការការពារ និងអភិរក្សធនធានជលផល និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ បន្តលែងកូនត្រីពូជ ក្នុងតំបន់ទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ សម្រាប់បម្រើសេចក្តីត្រូវការរបស់ ប្រជាកសិករ ក៏ដូចជាការពង្រីកតំបន់ផ្សព្វផ្សាយ ការអភិវឌ្ឍវារីវប្បកម្ម និងការគ្រប់គ្រងធនធានជលផល នៅតាមមូលដ្ឋាន។
ទី៦៖ បង្កើនការយល់ដឹង និងសមត្ថភាពរបស់អ្នកកែច្នៃឲ្យកាន់តែល្អប្រសើរឡើង លើការអនុវត្តការធ្វើអនាម័យល្អ និងការអនុវត្តការផលិតល្អ ក្នុងខ្សែចង្វាក់ផលិតកម្មកែច្នៃជលផល ព្រមទាំងបង្កើនការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព សុវត្ថិភាពលើផល ផលិតផលជលផល តាមបណ្តាទីកន្លែងកែច្នៃនានា និងការនាំចូលតាមរយៈការលើកកម្ពស់សមត្ថភាពការ ផ្តល់សេវាសាធារណៈ ដើម្បីជួយសម្រួលសកម្មភាពនាំចេញ ផលផលិតផលជលផល ឲ្យកាន់តែល្អប្រសើរឡើង។
ទី៧៖ ជំរុញការដាំ និងស្តារព្រៃឈើឡើងវិញ ព្រមទាំងពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ ឲ្យមាននិរន្តរភាព ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ដោយ មិនត្រូវពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ។ បន្តពង្រឹងការអនុវត្តច្បាប់និងអភិបាលកិច្ចល្អ ដោយធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើបទបញ្ជា សេចក្តីជូនដំណឹង លិខិតបទដ្ឋានក្រោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យព្រៃឈើឲ្យបានជ្រួតជ្រាប ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។
ទី៨៖ អង្គភាពជំនាញពាក់ព័ន្ធត្រូវសហការ និងខិតខំធ្វើបច្ចុប្បភាពផ្ទៃដី គម្របព្រៃឈើ និងជំរុញការកសាងផែនទីគម្របព្រៃឈើឡើងវិញ ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ងាយស្រួលក្នុងការគ្រប់គ្រង ហើយប្រជាជនអាចទទួលបានការចុះបញ្ជី និងកាន់កាប់ដីរបស់ខ្លួន កំពុងអាស្រ័យផលបានពេញលេញតាមនីតិវិធី និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ ស្របតាមកំណើនសេដ្ឋកិច្ច ដែលមានសន្ទុះកើនឡើងក្នុងល្បឿនថេរ៕