(ភ្នំពេញ)៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ ៨០០សម្រាប់ ដែលមានតម្លៃប្រហែលជា ២ម៉ឺនដុល្លារ ជូនខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ ដើម្បីប្រើប្រាស់ក្នុងការសម្តែងកីឡាតេក្វាន់ដូ នៃកម្មវិធីប្រកួតកីឡាទូទាំងប្រទេសកម្ពុជា។
ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ និង លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ហែម សំណាង អនុប្រធានខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ។
លោក អូ ណាក់យ៉ុង បានសម្ដែងនូវក្ដីសេចក្តីរីករាយយ៉ាងខ្លាំង ដែលការប្រកួតកីឡាតេក្វាន់ដូ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ប្រកួតកីឡាដ៏ធំ ទូទាំងប្រទេសកម្ពុជា ព្រមទាំងសង្ឃឹម និងជឿជាក់ថានឹងមានទស្សនិកជនជាច្រើន នឹងចូលរួមទស្សនាកម្មវិធីនេះ។
ឯកសណ្ឋានកីឡាតេក្វាន់ដូ ដែលត្រូវបានប្រគល់ជូនក្នុងកម្មវិធីនេះ បានទទួលការឧបត្ថម្ភពី World Taekwondo Peace Corps ហើយឯកសណ្ឋានទាំងនេះ នឹងត្រូវប្រើប្រាស់នៅក្នុងការសម្តែង កីឡាតេក្វាន់ដូក្នុងពិធីប្រកាសបើកកម្មវិធីប្រកួតកីឡាទូទាំងប្រទេសកម្ពុជាលើកទី២ ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
ភាគីកម្ពុជា និងកូរ៉េ សង្ឃឹមថា ការប្រគល់ឯកសណ្ឋានកីឡាតេក្វាន់ដូ និងការសម្តែងកីឡាតេក្វាន់ដូ នៅក្នុងឱកាសកម្មវិធីប្រកួតកីឡាទូទាំងប្រទេសលើកនេះ នឹងជួយផ្សព្វផ្សាយវិស័យកីឡាតេក្វាន់ដូ នៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែទូលំទូលាយ ដែលវានឹងក្លាយទៅជាការជម្រុញការផ្លាស់ប្តូរវប្បធម៌កីឡា រវាងប្រជាជននៃប្រទេសទាំង២៕