(ភ្នំពេញ)៖ មិនថានៅទីណា តំបន់ណាចម្ងាយជិត ឬឆ្ងាយ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាពសប្បុរសធម៌ តែងតែបង្កើតកម្មវិធីនានា ក្នុងការលើកស្ទួយសហគមន៍ ក៏ដូចជាអំពើសប្បុរសធម៌ជាបន្តបន្ទាប់។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមការងារ វីតាល់ ព្រមទាំងក្រុមត្នោតខ្មែរ បានពាំនាំនូវទឹកប្រាក់ចំណេញ មកពីការលក់មួកត្នោត ចំនួន ៣,២០០,០០០ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ទឹកប្រាក់ទាំងអស់នេះ គឺបានមកពីកម្មវិធី «តាំងបង្ហាញមួកស្លឹកត្នោត និងការកែច្នៃ» ដែលបង្ហាញនូវផលិតផល, ជំរុញ និងលើកទឹកចិត្តឲ្យមានការប្រើប្រាស់ឡើងវិញ នូវមួកត្នោតខ្មែរ ដោយមានការតុបតែង តាមរចនាបទសត្សវត្សទី២១។
គួរបញ្ជាក់ផងដែរថា គម្រោងមួយនេះ ផ្តួចផ្តើមឡើងដោយ «ក្រុមត្នោតខ្មែរ» និងឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បានប្រព្រឹត្តទៅយ៉ាងរលូន នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលធ្វើឡើងចំនួន៣ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ និងច័ន្ទ ទី១៤-១៥-១៦ ខែមីនា ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ដើម្បីផ្សព្វផ្សាយពីគុណសម្បត្តិ នៃមួកស្លឹក កែច្នៃមួកស្លឹក ដោយបន្ថែមនូវសោភ័ណភាព រក្សាមិនឲ្យបាត់ទម្រង់ដើមនៃមួក និងតាំងពិព័ណ៌ស្នាដៃកែច្នៃជាសាធារណៈ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមានគោលជំហរ រឹងមាំក្នុងការចូលរួមផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ នៃមួកត្នោតទៅកាន់ យុវជនជំនាន់ក្រោយ ក៏ដូចជាមានបំណងលើកស្ទួយ ការប្រើប្រាស់ផលិតផល ក្នុងស្រុក ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើតមុខរបរសម្រាប់សិប្បករខ្មែរ។
គួររំលឹកវិញដែរថា ក្រុមត្នោតខ្មែរ គឺជាក្រុមដែលបានជាប់ដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី «ការប្រកួតប្រជែងគម្រោងយុវជន ដើម្បីកិច្ចអភិវឌ្ឍសហគមន៍» ថ្វីត្បិតតែពុំបាន ជាប់ជាជ័យលាភី នៅក្នុងកម្មវិធី ប៉ុន្តែប្អូនៗ បានបង្ហាញពីទឹកចិត្តស្រលាញ់ ភាពជឿជាក់ និងឆន្ទៈមោះមុត ធ្វើឲ្យលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន សម្រេចជួយ គាំទ្រប្អូនៗ ឲ្យបានអនុវត្ត និងបញ្ចប់គម្រោងនេះដោយជោគជ័យ៕