Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រុងប្រយ័ត្ន! ផ្ទុះធុងហ្គាសដាំបាយ បណ្តាលឱ្យរបួសមនុស្ស៥នាក់ នៅស្រុករមាសហែក

30-04-2018 16:12

(ស្វាយរៀង)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសានេះ ដោយសារផ្ទុះធុងហ្គាសដាំបាយទំងន់១០គីឡូ ឮដូចគ្រាប់ផ្លោងបណ្តាលឆេះផ្ទះបាយមួយ និងមនុស្ស៥នាក់រងបួសធ្ងន់ស្រាល។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតក្នុងនៅភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានថ្លែងថា ករណីផ្ទុះធុងហ្គាសដាំបាយមានទំងន់១០គីឡូក្រាម បានបណ្តាលឱ្យឆេះផ្ទះបាយ និងគ្រោះថ្នាក់ដល់មនុស្សចំនួន៥នាក់នេះ កើតឡើងដោយសារម្ចាស់ផ្ទះបើកហ្គាសដាំបាយ ពេលព្រឹកក៏ផ្ទុះឆេះតែម្តង​ទៅ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះក្នុងករណីនេះរួមមានទី១៖ ឈ្មោះប្រាក់ ផាត់ ភេទប្រុសអាយុ៧៤ឆ្នាំ របួសធ្ងន់, ទី២៖ ឈ្មោះ នុត ណាន ភេទស្រី អាយុ៤២ឆ្នាំ របួសធ្ងន់, ទី៣៖ ឈ្មោះនុត ស៊ីណន ភេទស្រីអាយុ២៧ឆ្នាំ របួសធ្ងន់, ទី៤៖ ឈ្មោះ នុត នី ភេទស្រី អាយុ៣០ឆ្នាំ របួសស្រាល និងទី៥៖ ឈ្មោះ សុខ ម៉ានីត ភេទស្រី អាយុ០៦ឆ្នាំ របួសស្រាល។

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួល​បានព័ត៌មានថា មានករណីផ្ទុះហ្គាសបណ្តាលឲ្យឆាប់ឆេះដូច​នេះ សមត្ថកិច្ចបានយក រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ​ស្រុករមាសហែក ចេញទៅពន្លត់​បានទាន់ពេលវេលា ដោយមិនឆាប់ឆេះទៅកន្លែងផ្សេងទៀតទេ។

បច្ចុប្បន្នជនរងគ្រោះដែលរងរបួស ដោយសារហេតុការណ៍នេះ កំពុងព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុករមាសហែក៕