(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមីបានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះថា អាជ្ញាធរអាវុធគីមីបានចុះមកដល់ភូមិសាស្រ្ដ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ជាថ្មីដើម្បីបោះទីតាំងត្រៀមបើកប្រតិបត្តិការ ដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក កាលពីសម័យសង្គា្រមកំឡុងឆ្នាំ១៩៧០។
នាយឧត្តមសេនីយ៍បណ្ឌិត ជ័យ សុន អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែ ជីវសាស្ត្រនិងវិទ្យុសកម្ម អមដំណើរដោយឧត្តមសេនីយ៍ឯក សៅ សុវណ្ណីអគ្គលេខាធិការរង និងឧត្តមសេនីយ៍ឯក កេ ដាអគ្គលេខាធិការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជំនាញអាវុធគីមី បានធ្វើដំណើរចុះសិក្សាវាយតំលៃ និងត្រួតពិនិត្យផលប៉ះពាល់ដោយគ្រាប់បែកគីមីនៅក្នុងតំបន់វត្តគគីរចំនួន៤០គ្រាប់ទំលាក់ដោយយន្តហោះសហរដ្ឋអាមេរិចក្នុងអំឡុងឆ្នាំ១៩៧០ ដែលស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែខេត្តស្វាយរៀង។
បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក កំលាំងអាជ្ញាធរអាវុធគីមី បានចុះមកដល់ទីតាំងឃុំគគីរ តាំងពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ ដើម្បីបោះទីតាំងឈានដល់ប្រតិបត្តិការដោះគ្រាន់បែក ដែលនៅជាប់ និងជិតផ្ទះ របស់ប្រជាពលរដ្ឋ ការពារផលប៉ះពាល់។
លោកបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះ អាជ្ញាធរគីមី នឹងសហការជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ឃុំគគីរ និងឃុំជាប់ៗនោះមួយចំនួនទៀត ជាទីដែលអាជ្ញាធរបានរកឃើញគ្រាន់បែកគីមី របស់អាមេរិកយ៉ាងតិចជាង៤០គ្រាប់ និងរកឃើញប្រជាពលរដ្ឋមួយចំនួនធំ បានរងប៉ះពាល់ដោយសារគ្រាន់បែកនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
សូមជម្រាបថា គ្រាន់បែកគីមីរបស់អាមេរិក១គ្រាប់ ត្រូវបានអាជ្ញារធរអាវុធគីមី សហការជាមួយស៊ីម៉ាក់ដោះបាន នៅក្នុងបរិវេណវត្ត និងនិងសាលាបឋមសិក្សាគគីរ កាលពីកំឡុងខែតុលា ឆ្នាំ២០១៧។ បន្ទាប់មកគ្រាប់បែកជាច្រើនគ្រាប់ផ្សេងៗទៀត ត្រូវបានអាជ្ញាធរ និងស៊ីម៉ាក់រកឃើញ ដែលគ្រាប់បែកទាំងនោះមានខ្លះ មានទីតាំងនៅជិតៗផ្ទះ របស់ប្រជាពលរដ្ឋដែលទាមទារឲ្យ អាជ្ញាធរដោះស្រាយជាបន្ទាន់៕