(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីសមិទ្ធផល និងសកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំពារកម្មករ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍៥ប្រការ ដើម្បីជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធបន្តស្មារតីទិវាពលកម្មអន្តរជាតិនេះ។

ពិធីខាងលើត្រូវបានប្រារព្ធឡើង នៅទីស្ដីការក្រសួងការងារ ក្នុងនោះលោក អ៉ិត សំហេង បានជំរុញឲ្យមន្ត្រីក្រសួងការងារ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធបន្តស្មារតីទិវាពលកម្មអន្តរជាតិ ជាមួយនឹងអនុសាសន៍ចំនួន ៥ប្រការ រួមមាន៖

១៖ បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ។ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជា ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ បទបញ្ជាស្តីពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម វិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។

២៖ បន្តរៀបចំនូវបណ្តាលិខិតបទដ្ឋានគតិយុត្ត សម្រាប់ដាក់ឱ្យដំណើរការការអនុវត្តច្បាប់ស្តីពី សហជីព។

៣៖ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង៩ចំណុច ដោយតាមដានការអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារអាមេរិក កម្មករនិយោជិតទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន កាតព្វកិច្ចរបស់និយោជកបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត ការត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងកំពុងបន្តជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ ឆ្នាំ២០១៩ និងការដោះស្រាយបើកផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ដែលរោងចក្របិទទ្វារ។

៤៖ បន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ លើចំណុចមួយចំនួន ដើម្បីសម្រួលនីតិវិធីក្នុងការបើកផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។ ជំរុញរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបសន្តិសុខសង្គម។

៥៖ បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការត្រីភាគីដែលគ្រប់ភាគីទទួលយកបានកន្លងមក ក្នុងការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

៦៖ បន្តលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និងយុវជន ដើម្បីទទួលការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ជំនាញផលិតភាពការងារ និងមានសមត្ថភាពប្រកួតប្រជែង។

៧៖ បន្តពង្រឹងការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលបានផ្តល់សច្ចាប័ន។ បន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ SLSG) នៅប្រទេសកម្ពុជា និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងជាសកល កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» និងគម្រោងសហការជាមួយដៃគូអភិវឌ្ឍផ្សេងទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងដាក់ឲ្យអនុវត្តន៍គោលនយោបាយគាំពារសង្គមថ្មីៗផ្សេងទៀត។
ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម បានផ្តល់អត្ថប្រយោជន៍ថ្មីៗជូនកម្មករនិយោជិត ដូចជាការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ដោយមិនបង់ប្រាក់។ ការអនុវត្តការផ្តល់ប្រាក់ឈ្នួល ១២០% និងការឈប់សម្រាក រយៈពេល៣ខែ ក្នុងពេលសម្រាលកូនជូនកម្មការិនី។

ក្រៅពីនោះ រាជរដ្ឋាភិបាលបានផ្តល់បុរេប្រទានថវិកាចំនួនជាង ៤លាន៦សែនដុល្លារ សម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតដែលរោងចក្របិទទ្វារដោយម្ចាស់រត់ចោល និងរៀបចំបទប្បញ្ញត្តិ ដើម្បីធានាអត្ថប្រយោជន៍របស់កម្មករនិយោជិតចំពោះករណីនេះ នាពេលខាងមុខ៕