Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អស្ចារ្យមែន! កុមារីអាយុទើបជាង៥ឆ្នាំ អនុញ្ញាតឲ្យរៀនថ្នាក់ទី៤

30-04-2018 15:58

(ភ្នំពេញ)៖ អាចចាត់ទុកជារឿងដ៏កម្រមួយទៀតសម្រាប់កុមារី ប៊ី បាន់​ល​ក្ស្មី បើទោះបីជារូបគេ កើតនៅលើដែនដីជនបទ តែការធំធាត់ផ្នែកបញ្ញាស្មារតី លើសពីកុមារដទៃ ពោលអាយុទើបជាង ៥ឆ្នាំប៉ុណ្ណោះ តែអាចរៀនថ្នាក់ទី៤ទៅហើយ។

កុមារី ប៊ី បាន់លក្ស្មី ត្រូវបានឪពុកម្តាយយកទៅផ្ញើនៅថ្នាក់ទី៤ នៃសាលាបឋមសិក្សាតានួន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីការផ្ញើនេះ បានធ្វើឲ្យមន្ដ្រីមន្ទីរអប់រំខេត្តកំពង់ស្ពឺ ចុះទៅពិនិត្យនិងវាយតម្លៃ ហើយបានស្នើសុំទៅក្រសួងអប់រំ ដើម្បីពិនិត្យ និងសម្រេច តើឲ្យកុមារីរូបនេះ អាចរៀន ឬយ៉ាងណា?

បន្ទាប់ពីបានពិនិត្យរបាយការណ៍ពាក់ព័ន្ធ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចឲ្យកុមារីរូបនេះ បន្ដការសិក្សានៅថ្នាក់ទី៤។

តាមរយៈលិខិតផ្ញើជូនមន្ទីរអប់រំខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះ «​ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាពគ្នា​ជាគោលការណ៍ និង​សម្រេច​អនុញ្ញាតឲ្យ​សិស្ស​ឈ្មោះ ប៊ី បាន់​ល​ក្ស្មី អាយុ​៥​ឆ្នាំ បាន​រៀន​នៅ​ថ្នាក់​ទី​៤ ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​សាលាបឋមសិក្សា​តា​នួន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្របតាម​តាម​សមត្ថភាព​មាន​លក្ខណៈពិសេស និង​គោលបំណង​សិស្សឈ្មោះ ប៊ី បាន់​ល​ក្ស្មី»

លោក ថន ថារិន ប្រធានមន្ទីរអប់រំខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា​ កុមារី​រូប​នោះ​មាន​សមត្ថភាព​ ​អាច​សរសេរ​ អាន​សៀវភៅ​ភាសាខ្មែរ​ និង​ដោះស្រាយ​លំហាត់​​កម្រិត​ខ្ពស់​ជាង​ថ្នាក់​ទី៤​ យ៉ាង​ល្អ ​ប៉ុន្តែ​ខាង​អាណាព្យាបាល​ក្មេង​បាន​ស្នើសុំ​ឲ្យ​រៀន​ត្រឹម​ថ្នាក់​ទី៤​។ ​​​កុមារី​វ័យ​ឆ្លាត​រូប​​នេះ​ មាន​ឪពុក​ជាគ្រូ​បង្រៀន​ និង​ម្ដាយ​ជា​គ្រូពេទ្យ​។

ឪពុកម្ដាយ និង​នាយក​សាលា បាន​ស្នើដល់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ឲ្យក្មេង​ស្រីនេះ​បានចូល​រៀនថ្នាក់​ខ្ពស់​លើស​កម្រិត​អាយុ។ អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើល​សាមី​ខ្លួន​ផ្ទាល់​​បាន​តវ៉ា​ ដោយ​មិនព្រម​រៀនត្រឹម​ថ្នាក់ទី១​ឡើយ​ ​ទើប​ឈាន​ដល់​ការ​ពិសោធន៍ ​និង​សម្រេច​បែប​នេះ​តែម្ដង​។

​​បើតាមលោក ថន ថារិន បានអះអាងថា ចំណេះដឹងរបស់កុមារី រូបនេះ ដោយសារមាន​ការ​បង្ហាត់​បង្រៀន​ពី​ឪពុកម្ដាយ​​តាំង​ពីតូចមកម្លេ៉ះ។

សូមបញ្ជាក់ថា ក្រៅពីកុមារី ប៊ី បាន់​ល​ក្ស្មី កម្ពុជា ក៏មានកុមារាឆ្លាតវៃម្នាក់ទៀត ឈ្មោះ គីម ហុង អាយុ៧ឆ្នាំ មកពីខេត្តតាកែវ ក៏មានបញ្ញាស្មារតីខ្លាំងពូកែផងដែរ។ កុមារារូបនេះ មានសមត្ថភាពគិតលេខ បានរហ័សនិងអាចដោះស្រាយគណិតវិទ្យា កម្រិតអនុវិទ្យាល័យបានថែមទៀតផង។ បច្ចុប្បន្ន គីម ហុង កំពុងសិក្សានៅថ្នាក់ទី៨ នៅសាលាប៊ែលធី អន្ដរជាតិ៕