(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនព្រលានយន្ត និងដៃគូឯកជនពាក់ព័ន្ធ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិនដ៏ធំមួយ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ ដើម្បីរឹតចំណងមិត្តកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក៏ដូចជាការជំរុញកំណើនទេសចរចិននៅកម្ពុជាផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធខាងលើនេះ ធ្វើឡើងដើម្បីពិភាក្សាលើការត្រៀមរៀបចំការងារពាក់ព័ន្ធ ដើម្បីឲ្យការរៀបចំវេទិកាទេសចរណ៍កម្ពុជា-ចិន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនោះ ដំណើរទៅដោយរលូន និងជោគជ័យ។
លោករដ្ឋលេខាធិការបានបន្តថា អង្គប្រជុំបានពិភាក្សាគ្នាលើចំណុចគោលធំៗ ចំនួន៤ រួមមាន៖
១៖ ការប្រម៉ើលមើលពីនិន្នាការរបស់ភ្ញៀវទេសចរ ពិសេសទេសចរចិន ខណៈចំនួនទេសចរចិនដែលមកទស្សនាកម្ពុជា ពិតជាមានកំណើនឆាប់រហ័សណាស់ ដោយនៅឆ្នាំ២០១៧ ទេសចរចិនដែលមកទស្សនាកម្ពុជាមានចំនួន ១.២លាននាក់ កើនឡើងជាង ៣០% (ក្នុងចំណោមទេសចរអន្តរជាតិជាង ៥,៦លាននាក់) និងដែលកំពុងបន្តកើនឡើងថែមទៀតក្នុងអំឡុងពេលត្រីមាសទី១ ឆ្នាំ២០១៨ គឺមានចំនួនជិត ៥០ម៉ឺននាក់ ក្នុងកំណើនជាង ៨០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ (ក្នុងចំណោមទេសចរអន្តរជាតិជាង ១.៦លាននាក់ កើនឡើងជាង ១១%)។ ត្រង់ចំណុចនេះ លោកថាបើតាមការព្យាករណ៍ ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជាអាចឡើងដល់ប្រមាណ ១.៨លាននាក់ ឬជិត ២លាននាក់ នៅឆ្នាំ២០១៨នេះ។
២៖ ការរៀបចំទទួលបដិសណ្ឋារកិច្ចឲ្យបានល្អចំពោះភ្ញៀវទេសចរចិន ការសម្រួលមធ្យោបាយដឹកជញ្ជូនភ្ញៀវ ការទទួលបដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិ នៅតាមច្រកទ្វារអន្តរជាតិនានា នៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៅកន្លែងស្នាក់នៅ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាជាដើម ក្នុងនោះក៏មានការអនុវត្តនូវគោលការណ៍ «China Ready» ការប្រើប្រាស់ភាសាចិន ធ្វើយ៉ាងណាឲ្យទេសចរចិនទទួលបានភាពរីករាយ ទទួលបានព័ត៌មាននានា ប្រកបដោយភាពកក់ក្ដៅ។
៣៖ ការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ដូចជាការផ្សព្វផ្សាយព័ត៌មាន ការបំភ្លឺមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋខ្មែរ កុំឲ្យមានការព្រួយបារម្ភពីវត្តមានទេសចរចិនច្រើននៅកម្ពុជា។សំខាន់គឺទាំងអស់គ្នាត្រូវខិតខំ ចាប់យកកាលានុវឌ្ឍភាពពីការចេញទស្សនាក្រៅប្រទេសរបស់ទេសចរចិន ដែលអាចមានរហូតដល់ទៅជាង ២០០លាននាក់ នៅឆ្នាំ២០២០ ហើយដែលបច្ចុប្បន្ននេះ គ្រប់ប្រទេសក្នុងតំបន់អាស៊ាន អាស៊ី អីរ៉ុប អាមេរិក បាននិងកំពុងចាប់យកឱកាសដ៏ល្អនេះ។
៤៖ អង្គប្រជុំបានរួមគ្នាពិភាក្សាលើគំនិតផ្ដួចផ្ដើមធំៗ នៅក្នុងវេទិកាទេសចរណ៍ដ៏ធំមួយរវាងកម្ពុជា-ចិន នាថ្ងៃទី១៧ ខែឧសភា ខាងមុខ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍកាន់តែកើនឡើង រវាងទេសចរណ៍កម្ពុជាជាមួយមហាមិត្តចិន រួមនឹងការទាក់ទាញទេសចរ និងអ្នកវិនិយោគចិនបន្ថែមទៀត។
លោក ទិត ចន្ថា បានបញ្ជាក់ថា វេទិកាទេសចរណ៍ដ៏ធំមួយរវាងកម្ពុជា-ចិន ខាងមុខននេះ ក៏ជាវេទិកាកំពូលមួយលើកដំបូងដែលនឹងប្រមូលផ្ដុំដោយថ្នាក់ដឹកនាំនយោបាយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកបច្ចេកទេស អ្នកដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ហើយមិនត្រឹមតែជាវេទិកាដែលជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជា-ចិន ប៉ុណ្ណោះទេ វេទិកាដ៏ធំសម្បើមនេះ ក៏ជាឱកាសក្នុងការអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ៕