(ភ្នំពេញ)៖ លោក វេង សាខុនសាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា សម្រេចបានផ្ទៃដីដាំដុះដំណាំស្រូវ បានជាង៣ពាន់លានហិកតា ក្នុងនោះប្រមូលផលស្រូវ ទាំងរដូវវស្សា និងរដូវប្រាំងបានជាង១០លានតោន នៅឆ្នាំ២០១៧-២០១៨។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញជាអធិបតីភាពបើក សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ ដែលបានរៀបចំធ្វើឡើង នៅអាគារផ្ការំដួល ទីស្តីការក្រសួង។
លោក វេង សាខុន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ ពិតមែនតែអាកាសធាតុ មានការប្រែប្រួលខ្លះក៏ដោយ ក៏អាចវាយតម្លៃបានថា អាកាសធាតុបានអំណោយផលច្រើន ដល់ការរីកលូតលាស់ ផលដំណាំផលត្រី ធម្មជាតិ និងធនធានជីវចម្រុះផ្សេងទៀតផងដែរ។ ផ្ទៃដីដាំដុះដំណាំស្រូវ សម្រេចបានចំនួន ៣.២១លានហិកតា កើនប្រមាណ ២.៨៣% ធៀបនឹងឆ្នាំ២០១៦។
លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ផ្ទៃដីប្រមូលផលមានចំនួន៣.១៩លានហិកតា ក្នុងនោះស្រូវវស្សាមាន២.៦៤ លានហិកតា និងស្រូវរដូវប្រាំងមាន០.៥៥លានហិកតា។ ទិន្នផលស្រូវ គិតជាមធ្យមទាំងប្រាំង និងវស្សា បានកើនដល់ ៣,២៩៥តោន/ហិកតា ក្នុងនោះទិន្នផលស្រូវវស្សាទទួលបានប្រមាណ ៣.០៥២តោន/ហិកតា និងទិន្នផលស្រូវរដូវប្រាំងទទួលបាន ៤.៤៧ តោន/ហិកតា។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់ថា បរិមាណផលស្រូវបានកើនឡើងពី៩.៣៩លានតោន នៅឆ្នាំ២០១៣ ដល់ប្រមាណ ១០.៥១លានតោន នៅឆ្នាំ២០១៧-២០១៨នេះ ក្នុងនោះ បរិមាណផលស្រូវវស្សា ទទួលបាន ចំនួន៨.០៦លានតោន និងបរិមាណផលស្រូវរដូវប្រាំង ទទួលបាន២.៤៥លានតោន ពោលគឺកើនប្រហែល៥.៦១% ធៀបនឹងឆ្នាំ២០១៦ ធ្វើឲ្យអតិរេកស្រូវ (សល់ស្រូវលើសតម្រូវការ) មានចំនួន៥.៦លានតោន គិតជាអង្ករស្មើនឹង៣.៥៦លានតោន គឺកើនប្រមាណ៨.៦%ធៀបនឹងឆ្នាំ២០១៦។
លោកបន្ថែមទៀតថា បរិមាណអង្ករនាំចេញក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃច្រកចេញចូលតែមួយ សម្រេចបានចំនួន ៦៣៥,៦៩៧តោន កើនឡើង១៧.៣០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ប្រភេទអង្ករក្រអូបមានចំនួន៦១.៩៩% អង្ករស គ្រប់ប្រភេទមានចំនួន ២៤.៦៤% និងអង្ករចំហុយ មានចំនួន១៣.៣៧% ដែលបាននាំចេញ ដោយក្រុមហ៊ុនចំនួន៨៤ ទៅកាន់ ទិសដៅ៦៣ប្រទេស នៅលើសាកលលោក៕