(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានសមាគមអតីតយុទ្ធជន រួមជាមួយសមាគមចិន-កម្ពុជា នៅក្រុងប៉ោយប៉ែត បានសម្រេចឧបត្ថម្ភថវិកាសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជននៅក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងខ្វះខាតផ្ទះសម្បែង។
ការប្រកាសឧបត្ថម្ភនេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធសមាគមចិន-កម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ការឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីបានស្តាប់របាយការណ៍របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អំពីស្ថានភាពរស់នៅក៏ដូចជាការខ្វះខាតរបស់អតីតយុទ្ធជន ដែលតម្រូវឲ្យមានការជួយជ្រោមជ្រែង ដើម្បីធ្វើឲ្យការរស់នៅរបស់អតីតយុទ្ធជនជាអ្នកមានគុណបំណាច់សម្រាប់ជាតិមានស្ថានភាពជីវិតកាន់តែប្រសើរ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភទាំងនេះថ្នាក់ដឹកនាំសមាគមនឹងចាប់ផ្តើមចាត់ចែងសាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈដែលដីធ្លីត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាប្រធានសាមគមអតីតយុទ្ធជនបានផ្តល់ជូនរួចហើយផងដែរ សម្រាបង់អតីតយុទ្ធជនមិនមានដីធ្លី។
ជួសមុខឲ្យអតីតយុទ្ធជនទាំំងអស់ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ព្រមទាំងសមាគមចិន-កម្ពុជា នៅក្រុងប៉ោយប៉ែត ដែលបានឧបត្ថម្ភដី និងផ្ទះសម្រាប់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តបន្ទាយមានជ័យ។ ការជួយជ្រោមជ្រែងប្រកបដោយទឹកចិត្តមេត្តាធម៌នេះ បានធ្វើឲ្យអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពកក់ក្តៅ នឹងកាន់តែជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
តាមរយៈការគិតគូរពីសម្តេចតេជោ ហ៊ុន សែន និងមានការជួយឧបត្ថម្ភពីសប្បុរសជនផងនោះ នាយឧត្តមសេនីយ៍ គន់ គីម ដែលជាអ្នកចុះធ្វើការដោយផ្ទាល់ជាមួយអតីតយុទ្ធជន បានធ្វើឲ្យការរស់នៅរបស់បងប្អូនអតីតយុទ្ធជនមានស្ថានភាពជីវភាពល្អប្រសើរ មិនកម្សត់ទៀតនោះឡើយ។ តាមរយៈសមាគមអតីតយុទ្ធជននេះ បានធ្វើចលនាជួយសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានាដល់អតីតយុទ្ធជនដែលខ្វះខាតក្នុងជីវភាព។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តអំពាវនាវសុំសប្បុរសជនជួយរួមចំណែកដោះស្រាយនូវទុក្ខលំបាករបស់អតីតយុទ្ធជន ដែលសុទ្ធតែជាអ្នកបានធ្វើពលីកម្មជាច្រើនសម្រាប់ជាតិមាតុភូមិ៕