(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាស១ ឆ្នាំ២០១៨ ដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។
ការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រនេះមាន រយៈពេលពេញមួយថ្ងៃ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មេបញ្ជាការរង និងនាយទាហាន នាយទាហានរងសរុប១៩៨នាក់។
លោកឧត្តមសេនីយ៍ បានលើកឡើងពីសភាពវិវត្តន៍ថ្មីៗ សភាពការជាតិ សភាពការណ៍អន្តរជាតិ ពីច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោត ក្រមសីលធម៌ ច្បាប់ស្តីពីលក្ខនិ្តកៈ និងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការស្នើសុំពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ឱ្យរូបលោកមកផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងនូវគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបកាន់តែច្បាស់នូវតួនាទីភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា «កងរាជអាវុធហត្ថមានតួនាទីភារកិច្ចក្នុងការថែរក្សា និងពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ជាប៉ូលីសរដ្ឋបាល ជាមន្ត្រីនគរបាលយុត្តិធម៌ ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំ»។
លោកឧត្តមសេនី ក៏បានជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរពការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ លក្ខន្តិកៈថ្មីៗនានា ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីគ្រួសារនិងអង្គភាព និងត្រូវយកការផ្សព្វផ្សាយនាពេលនេះទៅផ្សព្វផ្សាយបន្តដល់អ្នក ដែលមិនបានចូលរួម៕