(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨នេះ នឹងមានសមាជិកស.ស.យ.ក ប្រមាណជាង៣ម៉ឺននាក់ ទូទាំង២៥រាជធានីខេត្ត ចូលរួមសង្កេតការណ៍បោះឆ្នោត។
លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្នុងឱកាសដែលលោកអញ្ជើញចូលរួម បិទវគ្គបណ្តុះបណ្តាលជនបង្គោលអ្នកសង្កេតការណ៍ ស.ស.យ.ក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ វគ្គទី១ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧កន្លងទៅ មានសមាជិក ស.ស.យ.ក ចំនួន ៣០ ២៤១នាក់ បានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការក្លាយខ្លួនជាអ្នកសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោត មិនថាក្នុងអំឡុងពេលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើយ។
លោកបានបន្តថា ពេលនេះ លោកបានរៀបចំឲ្យមានការបណ្តុះបណ្តាលសមាជិក ស.ស.យ.ក ចំនួន ២វគ្គ ហើយសព្វថ្ងៃលោកក៏បានអំពាវនាវឲ្យសមាជិក ស.ស.យ.ក មកចូលរួមចុះឈ្មោះចូលរួមសង្កេតការណ៍បោះឆ្នោត ហើយលោកសង្ឃឹមថាឆ្នាំ២០១៨នេះ នឹងមានសមាជិកស.ស.យ.ក ប្រហែលជាង ៣ម៉ឺននាក់ដូចឆ្នាំមុនដែរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជនបង្គោល អ្នកសង្កេតការណ៍នេះ បានធ្វើឡើង ក្រោមកិច្ចសហការវាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ស.ស.យ.ក ដែលវគ្គទី១ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៨ ដែលមានការចូលរួមពីសមាជិក ស.ស.យ.ក ៩រាជធានីខេត្ត សរុបចំនួន ២១១នាក់។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមដោយគ្រូឧទ្ទេសនាម ពីខាង គ.ជ.ប ចំនួន ២រូប រួមមាន លោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត និង លោក កែ រឹទ្ធិ ទីប្រឹក្សា ប្រធាន គ.ជ.ប។ ដោយឡែក វគ្គទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ឧសភា ឆ្នាំ២០១៨ ដែលមានសមាជិក ស.ស.យ.ក ចំនួន ២៣៨នាក់៕