(រតនគិរី)៖ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថមូលដ្ឋានស្រុកលំផាត់ និងមន្ត្រីបរិស្ថានដែនជម្រកលំផាត់ បានចុះបង្ក្រាប និងដកហូតឈើសុក្រំ កកោះ ឈ្លីកចំនួន១៩០ដុំ ដែលឈ្មួញដឹកយកទៅគរលាក់ទុកក្នុងភូមិសាមុតលើ និងភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះថា កម្លាំងចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើខាងលើនៅថ្ងៃទី២៩ ខែមេសាម្សិលមិញ គឺមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ឲ្យធ្វើស្រាវជ្រាវជាប់ជាប្រចាំ ចំពោះការលួចដឹកជញ្ជូនឈើគ្រប់រូបភាព។
លោកវរសេនីយ៍ទោ ឃី សុខា បានបន្តថា មុននឹងឈានដល់ការបង្ក្រាបករណីខាងលើនេះ គឺកម្លាំងជំនាញបានប្រើប្រាស់បណ្តាញសំងាត់តាមដានជាប្រចាំ រួចសុំយោបល់លោកមេបញ្ជាការ បង្ក្រាបជាក់ស្តែងតែម្តង។
លោកវរសេនីយ៍បញ្ជាក់ថា ឈើខាងលើនេះ មានមុខកាត់២៥ ទៅ៤០សង់ទីម៉ែត្រ មានប្រវែង២.៥ម៉ែត្រ និង៤ម៉ែត្រ តែឈើពិតប្រាកដមិនទាន់ដឹង ចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះមិនទាន់ធ្វើការវាស់វែង។ បច្ចុប្បន្នឈើសុក្រំ កកោះ ឈ្លីកចំនួន១៩០ដុំ ត្រូវបានដឹកជញ្ជូនប្រគល់ឲ្យ មន្ត្រីបរិស្ថានដែនជម្រកលំផាត់ ចាត់ចែងបន្តតាមនីតិវិធី៕