(ភ្នំពេញ)៖ ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ លោក Kuninori Takagi ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអន្ដរជាតិ សម្រាប់សុខភាព និងសុខុមាលភាព នៃប្រទេសជប៉ុន (International University of Health and Welfare-IUHW) បានប្ដេជ្ញាជួយជ្រោមជ្រែង ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យសុខាភិបាលនៅកម្ពុជា និងបន្ដជួយផ្ដល់អាហារូបករណ៍ ដល់សិស្សិតពេទ្យ ដែលសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ។
លោក Kuninori Takagi បានសន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ពិសេសជួយផ្ដល់អាហារូបករណ៍ដល់និស្សិតពេទ្យបន្ថែមទៀត ទៅសិក្សាថ្នាក់បណ្ឌិតរយៈពេល៦ឆ្នាំនៅប្រទេសជប៉ុន ដោយក្នុង១ឆ្នាំ២រូប និងផ្ដល់អាហារូបករណ៍ដល់និស្សិត និងសាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ទៅធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លី ស្ដីពីការបណ្ដុះបណ្ដាលវេជ្ជសាស្ដ្រ នៅប្រទេសជប៉ុនផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់លោក Kuninori Takagi ដែលបានជួយជ្រោមជ្រែងដល់ការបន្ដបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយផ្ដល់អាហារូបករណ៍ ដល់សិស្សិតពេទ្យកម្ពុជា ចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ។ លើសពីនេះ រដ្ឋមន្ដ្រី ក៏បានសំណូមពរ ឲ្យភាគីជប៉ុន បន្ដកិច្ចសហប្រតិបត្ដិការ ពិសេសលើការងារស្រាវជ្រាវ ក្រៅពីបណ្ដុះបណ្ដាលដល់និស្សិត និងមន្ដ្រីសុខាភិបាល។
លោក Kuninori Takagi ក៏បានទទួលយកនូវសំណូមពរ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល រួមទាំងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្ដិការដែលមានរាល់ថ្ងៃ ដែលមានវិស័យវេជ្ជសាស្ដ្រ គិលានុបដ្ឋា ព្យាបាលដោយចលនា និងលើការងារស្រាវជ្រាវសុខភាពសាធារណៈ ។
គួររំលឹកថា សាកលវិទ្យាល័យអន្ដរជាតិ សម្រាប់សុខភាព និងសុខុមាលភាព នៃប្រទេសជប៉ុន បានផ្ដល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ដ្ររយៈពេល៦ឆ្នាំ ដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ចំនួន៣នាក់ហើយមកហើយ ។ព្រមជាមួយគ្នានេះ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក៏បានទទួលនិស្សិត និងសាស្ដ្រចារ្យនៃសាកលវិទ្យាល័យ IUHW មកធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លី១ឆ្នាំម្ដងផងដែរ ៕