(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធទិវាលុបបំបាត់ជម្ងឺគ្រុនចាញ់ ធ្វើឡើងនៅសាលាអនុវិទ្យាល័យ បន្ទាយប្រណាក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
វត្តមានក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយ រួមមាន៖ មន្ត្រីជំនាញសុខាភិបាល បងប្អូនប្រជាពលរដ្ឋជិត៤០០នាក់ ដែលប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ «ត្រៀមខ្លួនរួចស្រេច ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់»។
នៅក្នុងកម្មវិធីនោះ លោក វ៉ី សំណាង បានលើកឡើងនៅចំពោះបងប្អូន ប្រជាពលរដ្ឋថា ភូមិសាស្ត្រនៅទីនេះ ជាតំបន់យុទ្ធសាស្ត្រយោធា ហើយនៅទីនេះ ក៏ជាកន្លែងសមភូមិដោយសង្គ្រាមពីអតិតកាល ជាពិសេស ជាតំបន់ដែលមានជម្ងឺឆ្លងម៉្យាងឈ្មោះថា ជម្ងឺគ្រុនចាញ់ ដ៏កាចសាហា ដែលបានសម្លាប់អតីតយុទ្ធមិត្តកងទ័ព ក្នុងនោះ ក៏បានសម្លាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលជាច្រើនផងដែរ។
លោកអភិបាលបានបន្តថា មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ទើបបង្កើតបាននៅយន្តការឈានទៅលុបបំបាត់ជម្ងឺគ្រុនចាញ់ ស្របតាមគោលដៅផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២០-២០២៥ខាងមុខ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមជាស្រេច និងសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឲ្យបានចំពោះជម្ងឺគ្រុនចាញ់ និងការរីករាលដាលនៃជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។
លោកអភិបាលសង្កត់ធ្ងន់ថា មន្ទីរសុខាភិបាល គាប់បីបន្តការចែកមុងជ្រលក់ថ្នាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ងាយរងគ្រោះ មិនថា អ្នកជម្ងឺឬអ្នកជានោះទេ មុងនេះនេះហើយដែល ជាមធ្យោបាយមួយ អាចកាត់ផ្តាច់បាននូវការចម្លង នៃជម្ងឺគ្រុនចាញ់ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបានយ៉ាងពិតប្រាកដ៕