(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ ដឹកនាំអនុវត្តកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានជម្រុញឲ្យស្នងការនគរបាលជាតិរាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រងអាស៊ីដខ្លាំង នៅតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលកម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងរួចហើយនោះ។
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ របស់កងកម្លាំងនគរបាលជាតិ ចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះ ពីសង្រ្គាម (ស.ផ.ស) ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត រួមទាំងផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋាន ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានគូសបញ្ជាក់ថា បច្ចុប្បន្នការងារគ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺសមត្ថកិច្ចមិនទាន់មានការគ្រប់គ្រងបានល្អនោះទេ។
ឆ្លើយតបទៅនឹងបញ្ហានេះ នាយឧត្តមសេនីយ៍ បានណែនាំឲ្យស្នងការនគរបាល តាមបណ្តារាជធានី-ខេត្តទាំងអស់ ធ្វើយ៉ាងណាត្រូវបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងអាស៊ីដ ខ្លាំងនេះឲ្យបានល្អ ដោយក្នុងនោះគឺត្រូវធ្វើការបណ្តុះបណ្តាលមន្រ្តីឲ្យមានសមត្ថភាពគ្រប់គ្រាន់លើការងារនេះ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបន្តថា បញ្ហាទឹកអាស៊ីដនេះ គឺជារឿងមួយដ៏គ្រោះថ្នាក់ប្រសិនបើសមត្ថកិច្ចមិនមានការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនោះទេ ជាក់ស្តែងមានជនរងគ្រោះជាច្រើននាក់ហើយ បានទទួលរងគ្រោះដោយសារតែរឿងអាស៊ីដនេះ។
សូមជម្រាបថា កម្ពុជាបានបង្កើតច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង កាលពីឆ្នាំ២០១១កន្លងទៅនេះ ដែលមានចំនួន២៧មាត្រា ចែកចេញជា៦ជំពូក។
ការបង្កើតច្បាប់នេះឡើង ក្នុងគោលបំណងកំណត់អំពីការគ្រប់គ្រង ការត្រួតពិនិត្យអាស៊ីដខ្លាំងគ្រប់ប្រភេទ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្ស។ ច្បាប់នេះមានគោលដៅកំណត់អំពីការបង្ការ ការទប់ស្កាត់ និងការបង្រ្កាបបទល្មើស ដែលបង្កឡើងដោយការប្រើប្រាស់ អាស៊ីដខ្លាំងគ្រប់ប្រភេទ ហើយដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្ស៕