(ភ្នំពេញ)៖ ទន្ទឹមនឹងការប្រកាសបង្កើតគណបក្សឆន្ទៈខ្មែររបស់កូនប្រុស លោក គង់ គាំ នៅពេលនេះក៏មានគណបក្សថ្មីមួយទៀតហើយ ត្រូវបានចុះបញ្ជីឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
គណបក្សថ្មីនោះមានឈ្មោះ គណបក្សរស្មីខេមរា ដែលមានលោក ស៊ិន សុភាព ជាប្រធាន។ ក្រសួងមហាផ្ទៃ ក៏បានប្រកាសចុះបញ្ជីជូនគណបក្សនេះជាផ្លូវការផងដែរ ដោយបើកដៃឱ្យគណបក្សថ្មីៗនេះ ធ្វើនយោបាយនៅកម្ពុជា។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការសម្រុកបង្កើតគណបក្សនយោបាយកាន់តែច្រើន នាពេលនេះបានធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
បន្ទាប់ពីឃើញកូនប្រុស លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរនោះ កូនប្រុសរបស់ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានចេញមកប្រកាសចង់បង្កើតគណបក្សថ្មីមួយដែរនោះគឺ «គណបក្សសម្តេចឪ»៕