(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ដែលដឹកនាំដោយ លោក យ៉េង វីរ បានប្រកាសជំហររបស់ខ្លួន ដោយបាននិងកំពុងត្រៀមខ្លួន ក្នុងការចូលរួមក្នុងការ បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នាចុងខែកក្កដា ខាងមុខនេះ ប៉ុន្តែបក្សនេះក៏បានអះអាងដែរថា នឹងដកខ្លួនវិញ បើសិនជាលក្ខខណ្ឌ៤មិនត្រូវបានបំពេញ។
សេចក្តីថ្លែងការណ៍ ប្រកាសជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គបម) បាននឹងកំពុងត្រៀមខ្លួន ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ ប៉ុន្តែ គ.ប.ម ក៏អាចដកខ្លួនចេញពីការចូលរួមការបោះឆ្នោតវិញ ក្នុងករណីលក្ខខណ្ឌដូចខាងក្រោមនេះ មិនត្រូវបានបំពេញ៖
១៖ គ្មានការរំខានក្នុងការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ
២៖ មិនមានការគំរាមកំហែងក្រោមរូបភាពផ្សេងៗ ដល់បេក្ខជន សកម្មជន និងអ្នកគាំទ្រ
៣៖ សេរីភាពប្រកបដោយយុត្តិធម៌ក្នុងការផ្សព្វផ្សាយអំពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
៤៖ មានការផ្តល់សិទ្ធិ និងសេរីភាពពេញលេញដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីបានចូលរួមពេញលេញ ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា មានតែការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែលអាចផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ ចូលរួមប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងជាតិខ្មែរ ប្រកបដោយសន្តិភាព សេចក្តីថ្លៃថ្នូរ និងមានអធិបតេយ្យភាពពេញលេញ។
ទាក់ទងនឹងជំហរនេះ លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គណបក្សនេះ នឹងប្រជុំគណៈកម្មាធិការនាយករបស់ខ្លួន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយអំពីការចូលរួម និងមិនចូលរួមក្នុងការបោះឆ្នោត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកអះអាងថា គណបក្សបានត្រៀមបេក្ខជនឈរឈ្មោះតំណាងរាស្រ្តស្ទើគ្រប់រាជធានី ខេត្តរួចរាល់ផងដែរ៕