(ភ្នំពេញ)៖ មកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ មានរយៈពេល១៩ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន ជាអង្គការតំបន់កំពុងមានអនុភាពជាទីបំផុត នាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា មានធាតុសំខាន់ៗចំនួន៤ ដែលនាំឲ្យសម្តេចសម្រេចចិត្តប្រឹងប្រែង យកកម្ពុជាទៅជាសមាជិកអាស៊ាន។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាធនធានមនុស្សសរុបជិត ២ពាន់នាក់នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់ៗទាំង៤ ដែលនាំឲ្យសម្តេចប្រឹងប្រែងនាំកម្ពុជាដាក់ក្នុងអង្គការអាស៊ាននេះរួមមាន៖ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក, ស្មារតីសហគមន៍, ការអនុវត្តន៍សេដ្ឋកិច្ចសង្គម និងជាច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់លំអិតនៃកត្តាសំខាន់ៗទាំង៤នេះផងដែរ។
១៖ កត្តាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ សម្តេចតេជោថា កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន បើសិនជានៅក្នុងអាស៊ាន គ្រាន់តែចូលទៅ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា កម្ពុជានឹងមិនចូលរួមទេ។ ប៉ុន្តែអាស៊ាន គ្មានបងតូច បងធំ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទេ។
២៖ ស្មារតីសហគមន៍៖ សម្តេចតេជោ បានបញ្ជាក់ថា ស្មារតីសហគមន៍ គឺការធ្វើការតាមកុងសង់ស៊ុស រឿងនេះវាសំខាន់ខ្លាំងណាស់។ គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ សិទ្ធិស្មើគ្នាទាំងអស់។ អាស៊ានមិនត្រូវធ្វើការតាមរយៈការបោះឆ្នោតទេ ដែលអាចនាំឲ្យមានការបែកបាក់អាស៊ាន។ ចំណុចនេះធ្វើឲ្យអាស៊ានមានសាមគ្គីភាព អាស៊ានស្វះស្វែងរកចំណុចរួម ដើម្បីសម្រេចអ្វីដែលអាស៊ានចង់បាន។ សម្តេចតេជោលើកឡើងថា កត្តានេះ ធ្វើមិនឲ្យមានបងតូចបងធំ ដូចនៅក្នុងតំបន់មួយចំនួន ពោលសមាជិកអាស៊ានប្រទេសមួយសំឡេងមួយ។
៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម៖ សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ថា ចំណុចនេះកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើន ពីការជំរុញការអភិវឌ្ឍ ហើយនៅក្នុងរយៈពេលកន្លងទៅនេះ ចាប់តាំងពីឆ្នាំ២០០០មក គំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ក៏បានធ្វើយ៉ាងខ្លាំង ហើយកម្ពុជា ក៏ទទួលបានផលប្រយោជន៍យ៉ាងធំពីសមាហរណកម្មនេះ។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។
៤៖ ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានផលប្រយោជន៍ពីការចូលរួមអាស៊ាន ព្រោះអ្វី? អាស៊ានមានដៃគូច្រើន អ៊ីចឹងនៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន។ បានន័យថាខ្លួនបានក្លាយទៅជាដៃគូជាមួយដៃគូខាងក្រៅផងដែរ។ អ៊ីចឹងវាជាផ្នែកមួយ នៃច្រកចេញការទូតរបស់កម្ពុជា តាមរយៈអាស៊ាន ដែលមានដៃគូច្រើន។ បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ។ នេះបើតាមការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
ការក្លាយទៅជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩ ក្នុងពេលកិច្ចប្រជុំនៅប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា។ ការចូលជាសមាជិកអាស៊ាន ក៏ជាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មភាពនៅក្នុងតំបន់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលយកកម្ពុជាទៅចូលជាសមាជិកអាស៊ាននេះ មិនជាសមិទ្ធផលរបស់សម្តេចតែឯងនោះទេ គឺជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល ហើយសម្តេចក៏បានអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រនូវនយោបាយការបរទេសរបស់សម្តេច។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងស្នើឲ្យមានការតាំងទង់ជាតិអាស៊ាននៅតាមក្រសួងស្ថាប័ននានាផងដែរ។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
អាស៊ាន ជាអង្គការតំបន់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។អាស៊ានគ្របដណ្ដប់លើផ្ទៃដី ៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣% នៃផ្ទៃដីផែនដីសរុប។ ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបជាង ៦០០លាននាក់ ស្មើនឹង ៨%នៃប្រជាជនពិភពលោក។ បច្ចុប្បន្នចំណូលផលិតផលជាតិសរុបជាមធ្យម នៃអាស៊ាន បានកើនឡើងជាង ២.៨លានលានដុល្លារអាមេរិក។ អាស៊ាន ត្រូវបានគេប្រៀប្រដូចទៅនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង អង់គ្លេស៕