(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៦២ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដែលស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ បានរងការលិចលង់យ៉ាងដំណំ ដោយសារតែឥទ្ធិពលទឹកភ្លៀង ដែលធ្លាក់ជាច្រើនម៉ោង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។
លោក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ទឹកភ្លៀងបានធ្លាក់ជាច្រើនម៉ោង តាំងពីវេលាទៀបភ្លឺថ្ងៃនេះ បណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៦២ នៅចំណុចភូមិខាងលើ លិចលង់ តែអាចធ្វើចរាចរណ៍បានជាធម្មតា។ ជាមួយគ្នានេះផងដែរ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ក៏បានរងការលិចលង់ផងដែរ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋនោះទេ ។
លោកអធិការ បានបន្តថា រហូតមកដល់ពេលនេះទឹកបានស្រកអស់ហើយនៅលើផ្លូវជាតិ តែនៅក្រោមផ្ទះប្រជាពលរដ្ឋខ្លះ មិនទាន់ស្រកទេ។
ចំពោះករណីនេះ លោកក៏បានអំពាវនាវឲ្យអាណាព្យាបាលគ្រប់រូប ត្រូវតែមានការប្រុងយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ។ លើសពីនេះទៀតនោះ លោកក៏បានណែនាំសមត្ថកិច្ចមូលដ្ឋាន ត្រូវតែត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាទៅអភិបាលក្រុងស្រុកទាំងអស់ តាមដានសភាពការណ៍ជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តរបស់ខ្លួន និងរាយការណ៍មកជាប្រចាំនៅពេលព្រឹក និងពេលរសៀល។
ក្នុងករណីត្រូវការជំនួយសូមផ្តល់ពត៌មានជាបន្ទាន់ ហើយលោកអភិបាលខេត្ត សូមស្នើដល់មន្ទីធនធានទឹក និងមន្ទីរសាធារណការ ត្រៀមគ្រឿងចក្រដើម្បីរំដោះទឹកដែលកកស្ទះ៕