(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យកូន លោក គង់ គាំ បង្កើតគណបក្សឈ្មោះ «ឆន្ទៈខ្មែរ» ប៉ុន្តែត្រូវប្រមូល ស្នាមមេដៃអ្នកគាំទ្រ៤ពាន់នាក់ និងបំពេញលក្ខខណ្ឌមួយចំនួនទៀត ដើម្បីចុះបញ្ជីស្របច្បាប់។ នេះបើតាមលិខិតរបស់សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនប្រធានគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។
លិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ យ៉ាងដូច្នេះថា៖ «ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ គណបក្សឆន្ទៈខ្មែរ ត្រូវស្នើសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ មិនទាន់ត្រូវបានចុះបញ្ជីនៅឡើយទេ គឺរង់ចាំគណបក្សនេះប្រមូលស្នាមេដៃឱ្យគ្រប់៤ពាន់ និងបំពេញលក្ខខណ្ឌតាមសេចក្តីជូនដំណឹងខាងលើជាមុនសិន។
បណ្តាញព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដើម្បីសាកសួរអំពីបច្ចុប្បន្នភាព នៃការប្រមូលស្នាមមេដៃជូនក្រសួងមហាផ្ទៃ បាននៅឡើយទេ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។
ប៉ុន្តែបើតាមអ្វីដែលលោកធ្លាប់បញ្ជាក់ប្រាប់ Fresh News នាថ្មីៗនេះ បានឱ្យដឹងថា ក្រុមការងាររបស់លោកដែលមានស្ថាបនិក៧រូប រួមទាំងសមាជិកជាច្រើនទៀត កំពុងតែខិតខំប្រមូលស្នាមេដៃនេះ ដាក់ជូនក្រសួងមហាផ្ទៃ ឱ្យទាន់ពេលវេលា។
សម្រាប់ការប្រកាសបង្កើតគណបក្ស «ឆន្ទៈខ្មែរ»នេះ លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយ របស់ព្រលឹងអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ។
លោក គង់ មុនីកា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងទៅគណបក្សសង្រ្គោះជាតិ ត្រូវបានគេរំលាយរួចទៅ បានន័យថា រូបកាយបានរលាយទៅហើយ តែព្រលឹងនៅហោះហើរនៅឡើយ មិនដឹងថាទៅខាងណាមកខាងណា ដូច្នេះគណបក្សឆន្ទៈខ្មែរ ចង់ដើរតួនាទីជារូបកាយថ្មី ដើម្បីឱ្យព្រលឹងទាំងអស់ហ្នឹងស្ថិតមកវិញ ហើយយើង បន្តការងាររបស់យើង ក្នុងការទៅស្តារប្រជាធិបតេយ្យ»៕