(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ បានស្ថាបនាកម្មវិធី «Business Aspirant» បានសហការជាមួយដៃគូ ពាក់ព័ន្ធជាច្រើននាក់ទៀត នាថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងជំរុញអោយអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ឲ្យមានការរីកចម្រើន។ នេះគឺជាឆ្នាំដំបូង របស់គម្រោង «Business Aspirant» ដែលបានចាប់ផ្តើមដោយ មានការគាំទ្រ ពីឧស្សាហកម្មធនាគារ និងមុខជំនួញឈានមុខដូចជា RHBជាដើម។
ដោយសំលឹងឃើញថា សេដ្ឋកិច្ច បើកចំហរបស់ប្រទេសកម្ពុជា រួមទាំងជាដែនដីដែលប្រជាសាស្ត្រក្មេងៗ មានភាពរស់រវើក និងចំណេះដឹង ពហុភាសា និងគោលនយោបាយសេដ្ឋកិច្ចបើកទូលាយ របស់រដ្ឋាភិបាលកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជា ទៅជាដែនដី ប្រកបដោយ សុខសន្តិភាពដូចពេលបច្ចុប្បន្ននេះ រហូតទទួលបានជាលទ្ធផលសហគ្រាសខ្នាតតូចនិងមធ្យមបានរីកចម្រើនយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ជាក់ស្តែងយោងទៅតាម រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ៤០% ទៅ ៥០% នៃការងារសរុបអាចត្រូវបានរួមចំណែកដោយសហគ្រាសខ្នាតតូចនិងមធ្យម។
ជាមួយនឹងការពិចារណាយ៉ាងហ្មត់ចត់ និងការរៀបចំដ៏សំខាន់ក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ ចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨ បានសិក្សានិងយល់ព្រមបើកដំណើរការកម្មវិធី «Business Aspirant» នៅឆ្នាំនេះដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។
តាមរយៈការប្រមូលផ្តុំអ្នកជំនួញ និងសហគ្រិនសំខាន់ៗ នៅកម្ពុជាដូចជា លោកជី សិលា-ស្ថាបនិកនៃក្រុមហ៊ុន Sabay Corp ឧកញ៉ា កែវ មុំ-ស្ថាបនិកក្រុមហ៊ុនលីលី ឧកញ៉ា ស្រ៊ាត មុំសុភា-ស្ថាបនិកនិងនាយិការនៃ SOPHIYA Corp និង លោកវា វីរៈ-ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment; Dr. អេង លីគង់ CEO of Master Care Dental Clinic, បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។ Business Aspirant បានជួយបេក្ខជនដែលបានដាក់ពាក្យឱ្យយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការអភិវឌ្ឍ និង ទ្រទ្រង់អាជីវកម្មរបស់ពួកគេ។
ការប្រមូលផ្តុំនេះ ដើម្បីឲ្យក្រុមអាជីវករទាំងអស់នេះ បានជួបជាមួយអ្នកជំនួញឈានមុខ រួមទាំាំងបានឆ្លងកាត់ការបណ្តុះបណ្តាល លើអាជីវកម្ម សំខាន់ៗដូចជា KPI ច្បាប់ពន្ធនិងការទំនាក់ទំនងអាជីវកម្មរយៈពេលបួនខែ។ លើសពីនេះទៀត Business Aspirant បានភ្ជាប់បេក្ខជនជាមួយ គ្រូបង្វឹកដែលអាចបន្តគាំទ្រពួកគេ។
នៅក្នុងកម្មវិធីនាថ្ងៃអាទិត្យនោះ ក៏មានការរៀបចំព្រឹត្តិការណ៍ជាសាធារណៈដើម្បីផ្តល់ឱកាសដល់បេក្ខជន ដាក់តាំងបង្ហាញពីអាជីវកម្មរបស់ខ្លួន និងអ្វីដែលពួកគេបានរៀនពីការចូលរួមក្នុងគម្រោងនេះ។ កម្មវីធីព្រឹត្តិការណ៍ទៅពេញមួយថ្ងៃដោយរួមមានការពិភាក្សាជំវិញប្រធានបទពីរ។
ការពិភាក្សាទី ១ ក្រោមប្រធានបទ «តើអ្នកត្រៀមខ្លួនសម្រាប់ជីវិតហើយឬនៅ?» ដែលបានបកស្រាយដោយ លោក Sang Darareaksmey នាយកប្រតិបត្តិនៃក្រុមហ៊ុន Healthtime Corp លោកស្រី Chan Bory នាយកគ្រប់គ្រងក្រុមហ៊ុន Talent Excellence Development Partner Co. , LTD លោកLy Oudam ស្ថាបនិកក្រុមហ៊ុន SG Complex ។
ចំណែកការពិភាក្សាទី២ «តើអ្នកមានគុណសម្បត្តិគ្រប់់គ្រាន់ឬទេ?» បកស្រាយដោយ លោបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោកវា វីរៈ-ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោកអីវ គឹមសួរ អនុបណ្ឌិត និងគ្រូបង្វឹកពាណិជ្ជកម្មនៃអង្គការ ActionCOACH ។ គោលបំណងសំខាន់នៃការពិភាក្សានេះ គឺសម្រាប់ ASPIRANT DAY គឺដើម្បីជម្រុញអ្នកចូលរួមអំពីការចាប់ផ្តើមអាជីវកម្មដោយការស្តាប់បទពិសោធ និងការពិភាក្សាពីវាគ្មិនសំខាន់ៗ។ គោលដៅទស្សនិកជន គឺជាសិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យរួមទាំងអ្នកបញ្ចប់ការសិក្សាថ្មីៗ៕