(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ បានមានប្រសាសន៍ថា ស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ននេះ មានទាំងល្អ មានទាំងអាក្រក់ ហើយមានតែព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េទេ ដែលជាព្រឹត្តិការណ៍ដ៏ល្អបំផុត។
ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញចែកអញ្ជើញប្រគល់ «វិញ្ញាបនបត្រនិងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សភាពការណ៍វិវត្តន៍លឿនណាស់នៅលើពិភពលោកនេះ ហើយបើនិយាយពីពិភពលោកតែម្តង សភាពការណ៍វាលឿន លឿនទាំងល្អ លឿនទាំងអាក្រក់ក៏មាន ក្នុងប៉ុន្មានអាទិត្យនេះ គឺសភាពការណ៍មិនដឹងថាកើតមកពីស្អីងាក ទៅកូរ៉េខាងជើង កូរ៉េខាងត្បូង គឺជារឿងល្អបំផុតហើយនៅលើពិភពលោក ក្នុងប៉ុន្មានអាចចាត់ទុកថា សឹងតែពាក់កណ្តាល នៃសតវត្ស ដែលកូរ៉េទាំងពីរជាបងប្អូនទាំងពីរនេះ បានមកជួបជុំគ្នាហើយបង្កើតឱ្យមានសេចក្តីថ្លែងការណ៍រួម ដោយមានទស្សនកិច្ចរួមគ្នាទៅវិញទៅមក សម្របសម្រួលគ្នារហូតមានការប្រកាសរំសាយចោលនូវអាវុធនុយក្លេអ៊ែរ នេះជាចំណុចរបត់ប្រវត្តិសាស្ត្រនៅតំបន់អាស៊ី»។
ជាមួយគ្នានេះសម្តេចតេជោ បានបន្តថា តាមរយៈស្ថានការណ៍នេះ ឱ្យមានស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូល និងធ្វើឱ្យពិភពលោកទាំងមូល លែងព្រួយបារម្ភការផ្ទុះសង្គ្រាម ដូចជា ដំណាក់កាលមុនឆ្នាំ២០១៧ ក៏ប៉ុន្តែបើទោះបីជាយើងមិនទាន់ដឹងថា នៅពេលខាងមុខ នឹងមានអ្វីកើតឡើង នៅពេលដែលភាគីទាំងសង្ខាងបានដាក់ចេញនូវលក្ខខណ្ឌ សម្រាប់ការដោះស្រាយបញ្ហា ក៏ប៉ុន្តែនៅពេលនេះម៉ោងនេះយើងមិនព្រួយបារម្ភពីបញ្ហាសង្គ្រាម ដែលថាវានឹងកើតឡើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា សម្រាប់សភាពការណ៍នៅកូរ៉េ ប្រទេសកម្ពុជា បានស្វាគមន៍រាល់ដំណោះស្រាយដោយសន្តិវិធី ដែលបងប្អូនកូរ៉េទាំងពីរ បានជួបពិភាក្សាគ្នាដោយលើកឡើងតាមរយៈការជឿទុកចិត្តគ្នា ហើយនៅពេលអនាគត តើនឹងដាក់អ្វីនៅលើតុ សម្រាប់ការចរចាផ្តាច់ព្រ័ត ក៏ប៉ុន្តែអ្វីនេះគ្រាន់តែជាការចាប់ផ្តើម នៃការចរចារវាងកូរ៉េទាំងពីរតែប៉ុណ្ណោះ។
ទន្ទឹងនឹងនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ជាចម្ងល់ថា នៅតែបង្ហាញការព្រួយបារម្ភថា តើនៅពេលមានការជួបចរចារវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងជះឥទ្ធិពល ដល់ការបង្រួបបង្រួម ឧបទ្វីបកូរ៉េដែរឬទេ? ចំពោះបញ្ហាដែលសហរដ្ឋអាមេរិក ចរចាជាមួយកូរ៉េខាងជើង ច្បាស់ជាដាក់លក្ខខណ្ឌថា ឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែកូរ៉េខាងជើងច្បាស់ជាដាក់ឱ្យសហអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូង ហើយរឿងនេះចាំមើលចុះប្រហែលអាចនឹង មកដល់កន្លែងនោះ សម្រាប់ការដកកងទ័ព នេះជាគន្លឹះ ចុងក្រោយព្រោះសហរដ្ឋអាមេរិក ក៏ប៉ុន្តែចំណុចធំរបស់អាមេរិក ត្រូវតែឱ្យកូរ៉េខាងជើង បោះបង់ចោល ឬបំផ្លាញចោលទាំងស្រុងនូវកម្មវិធី អាវុធនុយក្លេអ៊ែលរបស់ខ្លួនជាក់ជាមិនខាន។
ជាមួយនឹងសម្តែងការសាទរចំពោះស្ថានការណ៍នៅឧបទ្វីបកូរ៉េ ដោយទទួលបានផ្លែផ្កាលើសពីអ្វីដែលជាការគ្រោងទុកនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីក្តីបារម្ភចំពោះ ការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនបានបើកការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធោសន្ធៅទៅលើប្រទេសស៊ីរី អញ្ចឹងក៏ធ្វើឱ្យសភាពការណ៍តានតឹងនៅតំបន់នោះផងដែរ។ ចំណុចធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខទាមទារឱ្យមានការថ្កោលទោសការវាយប្រហារទោលើប្រទេសស៊ីរី រួមទាំងការផ្ទុះជម្លោះការទូតរវាងរុស្ស៊ី ជាមួយប្រទេសអង់គ្លេស និងនៅប្រទេសនៅអឺរ៉ុបផងដែរ៕