(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីរាជការ និងពុទ្ធសាសនិក ក្នុងខេត្តប្រមាណជាង ៣ ០០០នាក់ បានប្រមូលផ្តុំគ្នាជាក្បួន ដង្ហែបុណ្យវិសាខបូជាពីសាលាខេត្ត ទៅកាន់វត្តវេឡុវនារាម ឬស្សីក្រោក ដែលស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីដង្ហែក្បួននេះ ធ្វើឡើងនៅរសៀល ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
លោក សួន បវរ បានលើកឡើងថា ពិធីបុណ្យវិសាខបូជា មិនត្រឹមតែជាពិធីបុណ្យសម្រាប់ពុទ្ធសាសនិក នៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ពិធីបុណ្យនេះ ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសក្នុងកិច្ចប្រជុំលើកទី៥៤ នាអំឡុងខែធ្នូឆ្នាំ១៩៩៩ បានដាក់ឈ្មោះថា «ថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃដ៏សំខាន់របស់ពិភពលោក ដោយព្រះសិទ្ធិនាម ពុទ្ធសាសនាជាសាសនាសន្តិភាព» ហើយព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីសក្ការ:បូជានោះទេ គឺជាប្រភពបណ្តុះបណ្តាល នូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល និងបានរួមចំណែក កសាងសង្គមជាតិប្រកបដោយសីលធម៌ និងចរិយាធម៌ផងដែរ។
ក្នុងនាមជាពុទ្ធសាសនិកមួយរូបលោក ក៏បានចូលរួមជាមតិសំខាន់ៗមួយចំនួនដូចជា ៖
ទី១៖ គណ:សង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញាតិ្តក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រែក្លាយជាកម្លាំងចលករ ដ៏មានសារ:សំខាន់ សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំ ដើម្បីជាគំរូល្អដល់ពុទ្ធបរិស័ទ និងចូលរួមចំណែកជួយអប់រំសីលធម៌សង្គម។
ទី២៖ បង្កើនការអប់រំ ពិសេសអប់រំស្រទាប់យុវជន និងកុមារឲ្យយល់ដឹងច្បាស់ ពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណជាតិ និងបង្កើនការផ្លាស់ប្តូរសកម្មភាព ជាមួយបណ្តាប្រជាជាតិដើម្បីសន្តិភាព សុខដុមនីយកម្ម និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែចម្រុងចម្រើន។
ទី៣៖ បន្តការពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត និងបោះពុម្ភផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម៌វិន័យ
ទី៤៖ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់សាសនា ប្រឆាំងការរើសអើង សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ ឲ្យទៅជាកម្លាំងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច ពង្រឹងសន្តិសុខ សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ និងរាំងស្កាត់ការយកសាសនាទៅធ្វើជាអាជីវកម្ម និងបង្កវិបត្តិសាសនាជាដើម៕