(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ មានរយៈពេល ១៩ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។ ការដែលកម្ពុជា បានក្លាយទៅជាសមាជិកអាស៊ាន គឺជាជោគជ័យការទូតមួយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងមានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលកាលនោះជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជាសេនាធិការដ៏ឆ្នើមមួយរូប។
ការទទួលស្គាល់កម្ពុជាជាសមាជិកអាស៊ានទី១០ ត្រូវបានធ្វើឡើងនៅពេលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ លោក ហោ ណាំហុង ជាអ្នកដែលបានដឹកនាំ គណៈប្រតិភូទៅបំពេញនីតិវិធីនានា ដើម្បីបានក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងរំលឹកថា ទម្រាំកម្ពុជាបានក្លាយជាសមាជិកអាស៊ាននេះ គឺកម្ពុជាបានប្រឹងប្រែងធ្វើការជាច្រើន ដើម្បីបំពេញនូវតម្រូវការរបស់អាស៊ាន។ ជាពិសេសបានធ្វើចលនាការទូតជាច្រើន ដើម្បីសុំឲ្យប្រទេសសមាជិកអាស៊ានគាំទ្របេក្ខភាពរបស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងរំលឹកពីអារម្មណ៍រំភើបរីករាយ និងប្រកបដោយកិត្តិយសជាខ្លាំង ដែលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសតំណាងកម្ពុជាទៅបង្ហាញខ្លួន និងបំពេញនីតិវិធីបានក្លាយជាសមាជិកអាស៊ាន។ ឧបនាយករដ្ឋមន្ត្រី ដែលត្រូវបានគេចាត់ទុកជាអ្នកការទូតដ៏ប៉ិនប្រសប់រូបនេះ បានរំលឹកទៀតថា រូបលោកពិតជារំភើបខ្លាំងនៅពេលដែលទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហូតយ៉ាងសន្សឹមៗឡើងស្មើជាមួយទង់ជាតិ របស់បណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត។
ខាងក្រោមគឺជាវីដេអូឯកសាផលិតដោយទូរទស្សន៍ជាតិកម្ពុជា ក្នុងពេលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញទៅប្រទេសវៀតណាម ដើម្បីដាក់កម្ពុជាជាសមាជិកអាស៊ានកាលពី១៩ឆ្នាំមុន៕