(ភ្នំពេញ)៖ កម្ពុជាបន្ដបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ចំនួន០៣កង ស្នើនឹងកម្លាំងទ័ព ៤២៨នាក់ ទៅបំពេញកាន់សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កម្លាំងទ័ពដែលនឹងត្រូវបញ្ជូនទៅនោះ រួមមាន កងវិស្វកម្មព្រលានយន្ដហោះលេខ១៩៨ ចំនួន១៦៥នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី និងកងអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង។
ការបញ្ជូនកងទ័ពមួកខៀវកម្ពុជាលើកនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះ មានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជា មានកម្លាំងប្រមាណជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕